(ភ្នំពេញ)៖ ដើម្បីជួយសម្រាលជីវភាពសិល្បករ-សិល្បការិនី ដែលកំពុងជួបប្រទះនូវការខ្វះខាត ត្បិតមិនសូវមានចំណូល ដោយសារជំងឺរាតត្បាតកូវីដ១៩ ថ្មីៗនេះ «មូលនិធិសិល្បករចាស់ជរា» ដែលមានអ្នកនាង ចន ច័ន្ទ លក្ខិណា ជាប្រធានបាននាំយកអំណោយមួយចំនួន ដើម្បីផ្តល់ជូនសិល្បករ-សិល្បការិនីសរុបចំនួន៣០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
បើតាមលោក ហេង ឡុង ជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា អំណោយទាំងនោះរួមមានទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកស៉ីអ៉ីវ១យួរ ដែលត្រូវបានចែកជូនដល់តារាសម្តែង មានវ័យ៦០ឡើងទៅ ព្រោះពួកគាត់ភាគច្រើនបាត់បង់ប្រាក់ចំណូល ដោយសារបញ្ហាកូវីដ១៩ និងអ្នកខ្លះបាត់បង់សមត្ថភាពសម្ដែងជាដើម។
លោក ហេង ឡុង បន្ថែមថា អំណោយទាំងអស់នោះ គឺបានមកពីការចូលរួមរបស់សប្បសជននានា ដែលផ្តល់មកឲ្យ «មូលនិធិសិល្បករចាស់ជរា»។ ជាពិសេសលោកបានសម្តែងក្តីដឹងគុណយ៉ាងខ្លាំង ចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថមដល់មូលនិធិចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ។
អំណោយទាំងនេះ បានចូលរួមមួយផ្នែកដល់ជីវភាពប្រចាំថ្ងៃ របស់សិល្បករ-សិល្បការិនីចាស់ៗ ដែលភាគច្រើនបាត់បង់ប្រាក់ចំណូល ដោយសារកត្តាជាច្រើនយ៉ាង ជាពិសេសបញ្ហាប្រឈមកូវីដ១៩តែម្តង។
គួរជម្រាបថា សិល្បករ-សិល្បការិនី ដែលទទួលបានអំណោយទាំង៣០នាក់នោះ រួមមានតារាសម្ដែង វង់ សំណាង, តារាសម្ដែង អ៊ូច ប៉ាត់ម៉ៃលី, តារាសម្ដែង ទេស សាលី, តារាសម្ដែង សន ស៊ីថាន, តារាសម្ដែង ជា វ៉ាន់ឌី, តារាសម្ដែង សោម វឿន, តារាសម្ដែង សំ សុផល, តារាសម្ដែង ឡុង សម្បត្តិ, តារាសម្ដែង ជួង សុខា ,តារាសម្ដែង ហ៊ុន សុខ, តារាសម្ដែង ឡាង ប៊ុនថេង, តារាសម្ដែង ជៃ យ៉ាន, តារាសម្ដែង ចាន់ សុខន, តារាសម្ដែង ជិន ណាន, តារាសម្ដែង ជា ស្រេង, តារាសម្ដែង ជៃ យ៉ាត, តារាសម្ដែង រ័ត្ន ស៊ីណូ, តារាសម្ដែង អ៊ុក ចាន់ធី, តារាសម្ដែង ស៊ំ មន, តារាសម្ដែង ទិត្យ ស៊ាន, តារាសម្ដែង ហុក ស៊ីណា ,តារាសម្ដែង មុត ស្រី, តារាសម្ដែង អ៊ុក សារឿន, តារាសម្ដែង គង់ ប៊ុនសុន, តារាសម្ដែង ច្រឹង ជ្រង, តារាសម្ដែង មុត កូវ, តារាសម្ដែង មុត ធុល, តារាសម្ដែង ធាន ប៊ុនម៉ាឡា, តារាសម្ដែង ថាន បុរី និងតារាសម្ដែង មុំ ស៊ីណារិន៕