(តួកគី)៖ ខ្សែបម្រើរបស់ក្លិប Arsenal កីឡាករ Mesut Ozil បានសម្រេចកិច្ចព្រមព្រៀងមួយ នៅក្នុងគោលការណ៍ដើម្បីបញ្ចប់ កិច្ចព្រមព្រៀងរបស់ខ្លួន រយៈពេល៦ខែ មុនពេលកិច្ចព្រមព្រៀងផុតកំណត់ ដូច្នេះកីឡាករជនជាតិអាល្លឺម៉ង់រូបនេះ អាចផ្លាស់ប្តូរទៅលេងនៅក្លិប Fenerbahce របស់តួកគីបាន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ មិនបានលេងឲ្យក្លិប Arsenal ចាប់តាំងពីខែមីនាឆ្នាំមុន ហើយបានចេញពីក្រុម ដែលលេងនៅក្របខណ្ឌ Premier League និងក្របខណ្ឌ Europa League ចាប់តាំងពីរដូវកាលចាប់ផ្តើមមកម្ល៉េះ។
ប្រព័ន្ធផ្សព្វផ្សាយតួកគី បានចុះផ្សាយកាលពីដើមខែនេះថា ក្លិប Fenerbahce នឹងចុះហត្ថលេខា ជាមួយអតីតកីឡាករអន្តរជាតិអាល្លឺម៉ង់ ដែលមានដើមកំណើតតួកគី រយៈពេល៣ឆ្នាំកន្លះ។
Ozil ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត របស់ក្លិប Arsenal នោះ គឺមានសេរីភាព ក្នុងការចរចាមុនកិច្ចសន្យា ជាមួយនឹងក្លិបដទៃ ដោយសារតែលោកស្ថិតក្នុងរយៈពេល៦ខែចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់លោក ជាមួយនឹងក្លិប Arsenal ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ របស់អង់គ្លេសនេះ៕