(ប៉ារីស)៖ ១គ្រាប់បំប៉ោងសំណាញ់ទីរបស់ខ្សែការពារ Layvin Kurzawa នៅនាទី៧០ ក្នុងជ័យជម្នះ ១-០ ទៅលើក្រុម Angers បានជួយឲ្យ Paris Saint-Germain ឡើងទៅកាន់តំណែងកំពូលតារាង Ligue 1 វិញ ជាមួយនឹង ៤២ពិន្ទុ រុញ Lyon ធ្លាក់មកលេខ២ វិញដែលមាន ៤០ពិន្ទុ។
នេះក៏ជាគ្រាប់ដំបូងរបស់ខ្សែការពារកណ្តាល Kurzawa ក្នុងរដូវកាលនេះជាមួយនឹង PSG ផងដែរ។
Kurzawa បាន Volley ១ជើងចូលទីយ៉ាងស្អាតនៅវគ្គទី២ ដើម្បីបង្កើនជ័យជម្នះ ៧ប្រកួតជាប់ៗគ្នាក្នុងយុទ្ធនាការលីគកំពូលរបស់បារាំង និងស្ថិតក្រោមការបង្វឹករបស់គ្រូថ្មី លោក Mauricio Pochettino ដែលអវត្តមានក្នុងប្រកួតក្រៅដីនេះ ដោយសារតែតេស្តវិជ្ជមាននៃជំងឺ Covid-19 កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
ក្រុមការពារតំណែងជើងឯក PSG បានឡើងទៅឈរនៅកំពូលតារាង Ligue 1 នាំមុខ Lyon ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី២០ ជើងទី២ នេះ ហើយប្រសិនបើម្ចាស់ផ្ទះ Lyon អាចយកឈ្នះ Metz នៅរាត្រីនេះ ពួកគេនឹងឡើងទៅឈរនៅឈរក្នុងតំណែងកំពូលតារាងវិញ៕