(ក្រុងតូរីន)៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថា បានកំពុងទាក់ទងជាមួយក្លិបអង់គ្លេស Manchester United ដើម្បីនាំយកខ្សែបម្រើប្រយុទ្ធ Paul Pogba ទៅលេងនៅទីក្រុង Turin ប្រទេសអ៉ីតាលីវិញនារដូវក្តៅនេះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Express បានចេញផ្សាយថា លោក Raiola ដែលជាភ្នាក់ងារទិញដូរកីឡាកររបស់ Juventus បានថ្លែងប្រាប់ Tuttosport កន្លងមកថា «នៅពេលនេះខ្ញុំអាចនិយាយបានថា ជម្រើសទី១របស់ពួកយើងគឺ Paul Pogba ដែលកំពុងលេងនៅក្លិបបិសាចក្រហម ដ្បិតបច្ចុប្បន្នពួកយើងក៏បានដឹងថា រូបគេក៏មិនសូវជាសប្បាយចិត្តនៅទឹកដី Old Trafford ដូចគ្នា»

កិច្ចសន្យាចាស់របស់កីឡាករអន្តរជាតិបារាំង វ័យ ២៧ឆ្នាំខាងលើនេះ នឹងផុតកំណត់ជាមួយ Manchester United នៅឆ្នាំ២០២២ ដោយរំពឹងថា បិសាចក្រហមនឹងមិនដាក់តម្លៃខ្ពស់កប់ពពកពេកនោះទេ។

កន្លងមក Paul Pogba ធ្លាប់លេងឲ្យ Juventus បាន ៤ឆ្នាំដែរនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ដែលត្រូវបានខ្ចីជើងពី Manchester United និងបានចុះកិច្ចសន្យាថ្មីលេងនៅ Old Trafford រយៈពេល ៦ឆ្នាំ ក្រោយចាកចេញពីទឹកដី Turin៕