(ភ្នំពេញ)៖ ហាងលក់ទំនិញកុមារ និងទារកដ៏ល្បីល្បាញមួយក្នុងទីផ្សារកម្ពុជា ប៊េប៊ីអោតឡេត (Baby Outlet) បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅម្តុំផ្សារឈូកមាស ដែលនេះជាសាខាទី៦ហើយ បន្ទាប់ពីជោគជ័យយ៉ាងត្រចេះត្រចង់ ក្នុងការបើកសាខាចំនួន ៥កន្លងមក។ ពិធីសម្ពោធសាខាទី៦ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ហើយស្ថិតក្រោមការគោរពវិធានការណែនាំ របស់ក្រសួងសុខាភិបាលផងដែរ។
លោកស្រី ម៉ឹង មុន្នីរ័ត្ន ម្ចាស់ហ្វ្រេនឆាយ សាខាទី៦ ឈូកមាស បានលើកឡើងថា ប៊េប៊ីអោតឡេត គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកម្តាយគ្រប់រូប ជាពិសេសគឺអ្នកម្តាយថ្មី ព្រោះថាអ្នកម្តាយថ្មីគាត់មានការយល់ដឹងអំពី មុខទំនិញទារកនៅមានកម្រិតនៅឡើយ ដូច្នេះម្ចាស់ហ្វ្រេនឆាយរូបនេះជឿជាក់ថា តាមរយៈមុខទំនិញជាង ១៥០០០មុខ របស់ប៊េប៊ីអោតឡេត ប្រាកដជាអាចផ្តល់ជូននូវទំនិញណាមួយ ដែលអាចសមស្របនឹងតម្រូវការរបស់គាត់ ហើយគាត់មិនចាំបាច់ចំណាយពេលវេលាច្រើនទេ ពោលមកតែប៊េប៊ីអោតឡេតមួយ គឺទិញបានគ្រប់សព្វសម្រាប់ត្រៀមសម្រាលកូនតែម្តង។
ម្ចាស់ហ្វ្រនឆាយដដែល បានបន្តថា សាខាប៊េប៊ីអោតឡេត ឈូកមាស គឺជាសាខាមួយដែលមានចំណតរថយន្តធំទូលាយ រីឯផ្ទៃហាងក៏មានលក្ខណៈធំទូលាយដែរ គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការដើរទិញទំនិញបានយ៉ាងមានផាសុកភាពប្រកបដោយការទទួលស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ពីសំណាក់បុគ្គលិកហាងផងដែរ។
ស្របពេលជាមួយគ្នានេះ លោក កែវ ឡុងឌី តំណាងក្រុមហ៊ុន ប៊េប៊ីអោតឡេត បានពន្យល់ថា៖
* គុណតម្លៃរបស់ក្រុមហ៊ុន៖
ប៊េប៊ីអោតឡេត គឺជាហាងដ៏ធំ ដែលផ្តោតសំខាន់ទៅលើទំនិញ ដែលមានគុណភាព និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានផ្តោតយ៉ាងសំខាន់ ទៅលើការផ្តល់សេវាកម្មមួយ ដែលល្អឥតខ្ចោះ និងបំភ្លេចមិនបានសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ការផ្តល់ជូនសេវាកម្មខាងលើនេះ សុទ្ធសឹងតែមានការបង្វឹកបង្ហាត់តាមក្បួនខ្នាតយ៉ាងស្ទាត់ជំនាញ ពីថ្នាក់ដឹកនាំរបស់ ប៊េប៊ីអោតឡេត ដើម្បីធានាបានថា គុណភាពនៃសេវាកម្មសមស្របទៅតាមស្តង់ដារ និងបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ចំពោះទំនិញវិញ ប៊េប៊ីអោតឡេត ក៏បានជ្រើសជ្រើស និងសម្រិតសម្រាំងដៃគូផ្គត់ផ្គង់ ដែលមានសមត្ថភាពក្នុងការផ្តល់ជូនទំនិញ ដែលធានាបាននូវគុណភាព ក៏ដូចជាតម្លៃសមរម្យ និងសមស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ។
លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យប៊េប៊ីអោតឡេតខ្លាំង និងរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដូចសព្វថ្ងៃនោះ គឺការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលតែងតែបំពេញនូវគ្រប់សេចក្តីត្រូវការ របស់អតិថិជន។ ដូច្នេះហើយ ក្រុមហ៊ុនប៊េប៊ីអោតឡេត ក៏តែងតែធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិករបស់ខ្លួន ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។
* សក្តានុពលដ៏ធំរបស់អាជីវកម្មនាពេលបច្ចុប្បន្ន និងអនាគត៖
សន្ទុះកំណើនកុមារនៅកម្ពុជាមានការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ ហើយនេះជាសញ្ញាមួយគូសបញ្ជាក់ថា តម្រូវការទៅលើសម្ភាររបស់កុមារ និងទារកប្រចាំថ្ងៃ ក៏មានសេចក្តីត្រូវការជាចាំបាច់ផងដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងកាន់តែជឿជាក់ ទៅលើអាជីវកម្មនេះថា នឹងល្អប្រសើរទៅថ្ងៃមុខទៀតនោះ គឺការដឹកនាំដ៏ឈ្លាសវៃ ក៏ដូចជាការជ្រោមជ្រែងរបស់គណៈគ្រប់គ្រងទាំងអស់របស់ ប៊េប៊ីអោតឡេត ផងដែរ ដែលនេះអាចបញ្ជាក់បានផងដែរថា អាជីវកម្មនេះកំពុងតែមានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈររបស់ ប៊េប៊ីអោតឡេត លោក កែវ ឡុងឌី ក៏បានបង្ហើបពីការបើកសាខាថ្មីៗជាបន្តបន្ទាប់ទៀត នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗផងដែរ។ លោកថ្លែងថា ខេត្តសៀមរាប ជាគោលដៅទី១ ក្នុងការពង្រីកសាខារបស់ហាងប៊េប៊ីអោតឡេតនេះ៕