(ភ្នំពេញ)៖ តារាចម្រៀងស្រី ដែលមហាជនស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» កញ្ញា អេង ស្រីអូន បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជក់ចិត្តយ៉ាងខ្លាំង ពេលបង្ហាញវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News ដោយបានបង្ហូរទឹកភ្នែក សម្តែងក្តីក្តុកក្តួលឥតលាក់បាំងសោះឡើយ ពេលនិយាយដល់រឿងរ៉ាវស្នេហាអតីតកាលរបស់ខ្លួន។

តាមរយៈការឆ្លើយឆ្លងជាមួយពិធីករ-ពិធីការិនី ក្នុងកម្មវិធី តារាចម្រៀងល្បីឈ្មោះតាមរយៈបទចម្រៀង «ថែអូនផងទាន់អូនស្រឡាញ់ខ្លាំង» កញ្ញា អេង ស្រីអូន ស្រាប់តែហូរទឹកភ្នែក ព្រោះឈឺចាប់រឿងស្នេហ៍។ កញ្ញា និយាយថា «បើមានស្នេហ៍លើកក្រោយខ្ញុំផ្សងឲ្យជួបស្នេហ៍ល្អជាងមុន ខ្ញុំធ្លាប់បាក់ទឹកចិត្ត ហើយអីឡូវគិតថាខ្លួនឯងជោគជ័យខ្លាំងជាងមុន។ បើនិយាយរឿងស្នេហាទី១ គឺយើងបានបែកគ្នាជាច្រើនឆ្នាំហើយ ហើយអីឡូវគេមានគ្រួសារមានកូនហើយ។ ទោះមកដល់អីឡូវយូរឆ្នាំដែរហើយ តែនៅដក់ក្នុងអារម្មណ៍ តែអត់មានអារម្មណ៍ថាសោកស្តាយទេ គេមានជីវិតថ្មី យើងមានជីវិតថ្មីដែរ»

តារាស្រីរូបនេះ បន្តថា «ការបែកបាក់នេះ គឺដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ដោយសារមានអ្នកទី៣។ ការឈឺចាប់ ព្រោះតែមានការរស់នៅក្រោមដំបូងផ្ទះតែមួយ ពោលគឺស៉ីជម្រៅខ្លាំងតែម្តង។ កាលណោះពួកខ្ញុំបានរស់នៅជាមួយគ្នា និងសល់អ្វីៗជាច្រើន ហើយពេលមានរឿងរកាំរកូសអ៊ីចឹង ខ្ញុំក៏សុខចិត្តចាកចេញតែខ្លួន ហើយគាត់ចេញទៅ គាត់មានអ្វីគ្រប់យ៉ាង...»

ទោះបីជា អតីតកាលបានឆ្លងកាត់រឿងឈឺចាប់ រហូតដល់បាក់ទឹកចិត្តក្តី តែតារាស្រីរូបនេះ នៅតែមានភាពរឹងមាំ មានជំនះទាល់តែបាន ដោយងើបឈរឡើងវិញ ក្នុងការចាប់ផ្តើមជីវិតថ្មី កសាងអ្វីដែលថ្មីសម្រាប់ខ្លួនឯង ខណៈបច្ចុប្បន្នហាក់មានការជោគជ័យមួយកម្រិតទៅលើការងារសិល្បៈ និងមុខជំនួញ។

ងាកមកប្រវត្តិរបស់ អេង ស្រីអូន វិញ គឺនាងបានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមក ដែលផ្តើមពីការច្រៀងតាមភោជនីយដ្ឋាន និង Pub រហូតដល់ឆ្នាំ២០១៨ ទើបនាងចូលច្រៀងក្នុងផលិតកម្ម Gold ជាផ្លូវការ និងមានបទចម្រៀងប្រមាណ១០បទកន្លងមកហើយ។ នាងក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Cambodia Idol រដូវកាលទី១កាលពីអំឡុងឆ្នាំ២០១៥ ហើយក៏ជាម្ចាស់ជយលាភីលេខ២ ក្នុងកម្មវិធី «ពេជ្រកំពុងច្នៃ» ឆ្នាំ២០១៨ផងដែរ៕