(លីវើភូល)៖ លោក Ole Gunnar Solskjaer បានកោតសរសើរកូនក្រុមថាធ្វើបានល្អ ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលគ្មានគ្រាប់ ០-០ នៅ Premier League នារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។

អ្នកចាត់ទូទៅក្រុមបិសាចក្រហម Manchester United ខាងលើបានថ្លែងប្រាប់ក្នុងសន្និសីទក្រោយចប់ការប្រកួតដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ពួកយើងពិតជាធ្វើបានល្អមែនទាំងការវិវត្តន៍ និងទម្រង់លេង តែក៏ស្តាយដែរ ដែលពួកពួកយើងមានឱកាសយកឈ្នះ Liverpool តែធ្វើមិនបានសម្រេច»

កីឡាករ Paul Pogba និង Bruno Fernandes សុទ្ធតែមានឱកាសរកគ្រាប់ជ័យជម្នះដូចគ្នា តែត្រូវបានជួយសង្រ្គោះដ៏អស្ចារ្យពីអ្នកចាំទី Alisson Becker ដែលត្រូវបានចាត់ទុកជា Man of the Match នៃជំនួបខ្លាំងប៉ះខ្លាំងមួយនេះនៅទឹកដី Anfield ដែលបិសាចក្រហមលំបាកយក ៣ពិន្ទុចេញពីទីនេះណាស់។

ក្រុមការពារតំណែងជើងឯក Liverpool ដែលដាក់ខ្សែបម្រើកណ្តាល Jordan Hederson និង Fabinho មកលេងនៅតំបន់ការពារនោះ មានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៦៦ភាគរយ ជាមួយនឹងការស៊ុតចេញ ១០លើក ចំគោលដៅ ៣លើក និងខុស ៧ដងនោះ សុទ្ធតែត្រូវបានជួយសង្រ្គោះពីអ្នកចាំទីដៃទី១ David De Gea ដើម្បីជួយ Man Utd បន្តឈរនៅកំពូលតារាង Premier League ជាមួយនឹង ៣៧ពិន្ទុ គ្រាដែលហង្សក្រហមធ្លាក់ដល់លេខ៤ មាន ៣៤ពិន្ទុគិតត្រឹម ១៨សប្តាហ៍ដូចគ្នា៕