(អាមេរិក)៖ លោក John Matze នាយកប្រតិបត្តិបណ្ដាញសង្គម Parler បានបង្ហោះសារឱ្យដឹងថា នៅពេលនេះ វេបសាយ របស់ ខ្លួន បាន ដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេលប្រមាណជាមួយសប្ដាហ៍ដោយសារតែអ្នកប្រើប្រាស់ ដែលគាំទ្រលោកដូណាល់ ត្រាំ បានបង្ហោះសារនាំឱ្យមានអំពើហិង្សា និងបានល្មើសលើគោលការណ៍ច្បាប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Matze បាន បង្ហោះ សារ ដោយបានសរសេរថា «សួស្ដីពិភពលោក, តើវាកំពុងដំណើរការមែនទេ?» កាលពីថ្ងៃសៅរិ៍ចុងសប្ដាហ៍មុន ដោយក្នុងនោះលោកបានបញ្ជាក់ បន្ថែមថា នៅពេលនេះវេបសាយបានដំណើរការឡើងវិញ ដោយឡែក App ដែលមាននៅលើ Play Store និង App Store នៅមិនទាន់ដំណើរការវិញនោះទេ។
កាលពីសប្ដាហ៍មុន ក្រោយពេលដែលផ្ទុះការគាំទ្រលោកដូណាល់ ត្រាំ ខ្លាំងតាមរយៈបណ្ដាញសង្គមមួយនេះ រហូតឈានដល់ កើតមាន អំពើហិង្សានោះ ក្រុមហ៊ុន Apple និង Google បានដក App របស់ Parler ចេញពី Store ដោយបានលើកហេតុផងថា បានរំលោភបំពានច្បាប់ និងបង្កឱ្យមានអំពើហិង្សា ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Amazon ក៏បិទសេវាកម្មមិនឱ្យវេបសាយរបស់ Parler ដំណើរការដូចគ្នា។
គេនៅមិនទាន់ដឹងថា ការដំណើរការវេបសាយឡើងវិញនេះ លោក Matze បានប្រើប្រាស់នូវវិធីអ្វីនោះទេ ដោយកាលពីសប្ដាហ៍មុន លោក បានប្ដឹងក្រុមហ៊ុន Amazon ព្រមទាំងស្វែងរកក្រុមហ៊ុនផ្សេងដើម្បីមកជំនួស Amazon តែភ្លាមៗនោះ ពុំមានក្រុមហ៊ុនផ្ដល់សេវាកម្ម ណា មួយព្រមទទួលឡើយ៕