(អ៉ីស្តង់ប៊ូល)៖ Mesut Ozil បាននាំភរិយា និងកូនធ្វើដំណើរមកដល់ទីក្រុង Istanbul ប្រទេសតួកគីហើយ ដើម្បីចុះកិច្ចសន្យាជាមួយក្លិប Fenerbahce ដែលលេងនៅ Turkey-Super League បច្ចុប្បន្ន។

កីឡាករវ័យ ៣២ឆ្នាំ Ozil បានព្រមព្រៀងបញ្ចប់កិច្ចសន្យាដែលនៅសល់រយៈពេល ៦ខែទៀត និងទទួលយកសំណង ៧លានផោនជាមួយក្លិបកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន បញ្ចប់ការអង្គុយរង់ចាំអស់រយៈពេល ១០ខែគត់ដោយមិនបានចូលលេងក្នុងជម្រើស ១១នាក់ដំបូងសោះ ក្រោមការបង្វឹករបស់អ្នកចាត់ Mikel Arteta។

ខ្សែបម្រើប្រយុទ្ធ Mesut Ozil ត្រូវបានអតីតអ្នកចាត់ការទូទៅ Arsene Wenger ទិញពីក្លិប Real Madrid នាខែកញ្ញា ឆ្នាំ២០១៣ ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៤២.៥លានផោន ដោយទទួលបានថ្លៃនឿយហត់ ៣៥០,០០០ផោន ១សប្តាហ៍ច្រើនជាងគេផងដែរនៅទឹកដី Emirates។

ការផ្លាស់ទៅលេងឲ្យក្លិបថ្មីដោយគ្មានតម្លៃទិញដូរនេះដែរ កីឡាករដើមកំណើតតួកគី សញ្ជាតិអាល្លឺម៉ង់ Mesut Ozil ត្រូវបានគេរាយការណ៍ថា នឹងទទួលបានប្រាក់ពលកម្ម ៤.៥លានផោនក្នុង ១ឆ្នាំពីកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឲ្យ Fenerbahce៕