(ភ្នំពេញ)៖ ទីបំផុតក្លិបបាល់ទាត់វិសាខា បានប្រកាសចុះកិច្ចសន្យានាំយកអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកាណាដា និងធ្លាប់លេងក្នុងក្លិបក្របខណ្ឌលីគកំពូលកំពូលអង់គ្លេស West Bromwich Albion គឺកីឡាករ Marcus Haber មករួមក្រុម ដើម្បីត្រៀមរដូវកាលថ្មីជាផ្លូវការហើយ បន្ទាប់ពីលេចលឺព័ត៌មានចចាមអារ៉ាមជាបន្ដបន្ទាប់កាលពីពេលថ្មីៗ នេះបើយោងតាមការប្រកាសលើកម្មវិធីទូរសព្ទដៃ App របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ។
Marcus Haber គឺជាខ្សែប្រយុទ្ធសញ្ជាតិកាណាដា ដែលធ្លាប់មានបទពិសោធជោគជាំលើសមរភូមិវាលស្មៅ ដោយធ្លាប់លេងឲ្យក្លិបធំៗជាច្រើននៅអឺរ៉ុប ដូចជានៅអង់គ្លេស អាមេរិក ស្កុតឡេន និងប្រទេសកាណដាជាដើម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជុំវិញវត្តមានខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំមកប្រកបអាជីពនៅកម្ពុជានេះ រូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប West Bromwich Albion ដែលជាក្លិបស្ថិតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស English-Premier League កាលពីឆ្នាំ២០១០-២០១១ ទៀតផង។ Marcus Baber បានជាប់ជម្រើសជាតិយុវជនកាណាដា តាំងពីឆ្នាំ២០០៥ មុនវិវត្តន៍ឡើងលេងក្រុមធំនៅឆ្នាំ២០១០។
វិសាខា អាចចាត់ទុកជាក្លិបទី២ ដែលនាំយកកីឡាករលំដាប់អន្ដរជាតិពីអឺរ៉ុប មកពង្រឹងក្រុមត្រៀមរដូវកាលថ្មី បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលបានចុះកុងត្រាយកខ្សែការពារសញ្ជាតិអៀរឡង់ Paddy Barrett កាលពីថ្មីៗ៕