(កូរ៉េ)៖ តារាចម្រៀងប្រុស John Park មានសញ្ជាតិអាមេរិក ដើមកំណើតកូរ៉េ ត្រូវបានរាយការណ៍មកថា បានធ្វើតេស្តឃើញមានជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
បើតាមក្រុមការងាររបស់ John Park បានបង្ហាញប្រាប់មហាជនឲ្យដឹង នៅថ្ងៃទី១៧ ខែមករាថា តារាចម្រៀង John Park ត្រូវបានរកឃើញថាមានកូវីដ១៩ នៅថ្ងៃទី១៥ ខែមករាកន្លងទៅ។ បុគ្គលិកផ្សេងទៀត ដែលពាក់ព័ន្ធជាមួយតារារូបនេះ ត្រូវបានបញ្ចូនទៅធ្វើតេស្តភ្លាមៗ ហើយក្រុមហ៊ុនក៏បានចាត់វិធានការ ការពាររួចរាល់ហើយដែរ។
Music Farm ដែលក្រុមការងាររបស់ John Park បានបន្តថា លោក John Park ត្រូវសម្គាល់ថា មានរោគសញ្ញាហើយក៏ត្រូវឲ្យនៅបន្ទប់ដាច់ដោយឡែកមួយ និងធ្វើតាមគោលការណ៍នានា ស្របទៅតាមវិធានាណែនាំរបស់អង្គភាពត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់កូរ៉េ។
ជាមួយនឹងការផ្សាយដំណឹងនេះ ផលិតករ Music Farm ក៏បានសុំការអធ្យាស្រ័យពីមហាជនផងដែរ ហើយសន្យាថា ពួកគេនឹងព្យាយាមចាត់វិធានការផ្សេងៗ ដើម្បីការពារការចម្លងជំងឺកូវីដ១៩នេះ៕