(ភ្នំពេញ)៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ច អលមិនគ្រុប បានចុះហត្ថលេខាផ្តល់សិទិ្ធអាជីវកម្ម ភោជនីយដ្ឋាន អ៊ុយ គុយទាវ ជាលើកទី២ ដល់អ្នកទិញម៉ាកយីហោរបស់ខ្លួន ដើម្បីបើកសាខាបន្ដនៅរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើង នៅភោជនីយដ្ឋាន សេវិនស៊ី រវាង អ្នកទទួលសិទ្ធិអាជីវកម្ម លោកស្រី ស៊ឹម គង្គា ដែលជាសហគ្រិនមួយរូប និងលោក លូ ម៉េង ដែលជានាយកប្រតិបត្តិ យីហោ អ៊ុយ គុយទាវ និងក្រុមហ៊ុនបដិសណ្ឋារកិច្ចអលមិនគ្រុប ដែលប្រព្រឹត្ដនៅកាលពីចុងសប្ដាហ៍នេះ។

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ថែមទៀត ដែលបញ្ជាក់ពីការសម្រេចបាននូវគោលដៅពង្រីក យីហោ អ៊ុយគុយទាវ ដែលត្រូវបានបង្កើតឡើង ដំបូងតាំងពីឆ្នាំ២០១៥។ ព្រោះថាកាលចុងឆ្នាំ២០២០កន្លងទៅ យីហោ អ៊ុយគុយទាវនេះ សាខាផ្ដល់សិទ្ធិអាជីវកម្មទី១ បានបើកដំណើរការនូវភោជនីយដ្ឋានជាផ្លូវការហើយ។ សម្រាប់សាខាថ្មី ដែលទើបតែផ្ដល់សិទ្ធអាជីវកម្មលើកទី២នេះ គ្រោងនឹងបើកដំណើរការ នៅខែមេសា ដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថី វេងស្រេង ខណ្ឌពោធិ៍សែនជ័យ។

លោក លូ ម៉េង ប្រធានមេចុងភៅដ៏ឆ្នើមប្រចាំកម្ពុជា និងជាសហគ្រិនឈានមុខផងដែរ បានបញ្ជាក់ថា អ៊ុយ គុយទាវ គឺជាយីហោរបស់កម្ពុជា ដែលមានឈ្មោះល្បីល្បាញខាងអាហារតាមដងផ្លូវ ដែលរួមបញ្ចូលរូបមន្ត និងគ្រឿងផ្សំដោយប្រើប្រាស់នូវផលិតផល ធម្មជាតិ ក្នុងស្រុកក្នុងមុខម្ហូបទាំងអស់របស់ខ្លួន ដែលមានទីតាំង និងបរិយាកាសស្រស់ស្រូបអាហារ ប្រកបដោយផាសុកភាព។

មេចុងភៅឆ្នើមរូបនេះ បានថ្លែងបន្ដថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបាននូវការជឿជាក់ និងទំនុកចិត្តពី ដៃគូអាជីវកម្ម និងអតិថិជនជាច្រើនលើ យីហោរបស់យើង។ អ៊ុយ គុយទាវ គឺជាយីហោដំបូងគេរបស់យើង ដែលបានបើកឱកាសក្នុងការផ្តល់សិទ្ធិអាជីវកម្ម ហើយយើងមានសេចក្តីរីករាយជាខ្លាំង ជាមួយនឹងការទទួលបានការឆ្លើយតបជាវិជ្ជមានជាបន្តបន្ទាប់»

នៅក្នុងឆ្នាំនេះ នឹងបើកឱកាសសម្រាប់ការផ្តល់សិទ្ធិអាជីវកម្មក្រោម យីហោផ្សេងទៀតរបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ច អលមិនគ្រុប គឺយីហោ យ៉ី សាង ភោជនីយដ្ឋានម្ហូបចិន និង យីហោ វើលដ៏ដាយនីង ដែលមានរសជាតិអាហារបែបអន្តរជាតិ។

លោក លូ ម៉េង បញ្ជាក់ទៀតថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺនាំយកយីហោរបស់កម្ពុជា ចូលទៅទីផ្សារសកល។ ដើម្បីទទួលបានការទទួលស្គាល់ លំដាប់ពិភពលោក ហើយលោកនឹងខិតខំប្រឹងប្រែងបង្កើត នូវវប្បធម៌ឧត្តមភាព នូវអ្វីគ្រប់យ៉ាងដែលយើងធ្វើ៕