(វៀតណាម)៖ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានប្រកាសផ្តល់អជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បី Foxconn Technology Co Ltd ដើម្បីសាងសង់រោងចក្រមួយកន្លែង ដែលមានតម្លៃរហូតទៅដល់ ២៧០លានដុល្លារ សម្រាប់ ផលិតកុំព្យូទ័រ និង Tablet ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Fukong Technology នឹងទទួលបានការអភិវឌ្ឍន៍រោងចក្រ ដោយសហការជាមួយ Foxconn ខណៈដែលទីតាំងត្រូវបាន រដ្ឋាភិបាល វៀតណាមប្រកាសឱ្យដឹងថា ស្ថិតនៅភាគខាងជើងនៃខេត្ត Bac Giang។
យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា រោងចក្រថ្មីនេះគឺមានសមត្ថភាពអាចផលិតកុំព្យូទ័រ និង Tablet បានដល់ទៅ ៨លានគ្រឿងក្នងមួយឆ្នាំ ដែលតួលេខនេះនៅតិច ប៉ុន្តែត្រូវបានគេមើលឃើញថា វាគ្រាន់តែជាការសាកល្បងសិនប៉ុណ្ណោះ។
Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បានវិនិយោគជាទឹកប្រាក់ប្រមាណជា ១.៥ពាន់លានដុល្លារ រួចមកហើយនៅ ក្នុង ប្រទេសវៀតណាមកាលពីឆ្នាំនេះ ហើយបើតាមផែនការគឺគ្រោងនឹងបណ្ដាក់ទុនបន្ថែមទៀត ដែលមានទំហំទឹប្រាក់ ៧០០លលានដុល្លារ អាមេរិក។
ក្រុមអ្នកឃ្លាំមើលបានឱ្យដឹងថា គម្រោងវិនិយោគទុនរបស់ Foxconn នៅក្នុងប្រទេសវៀតណាមនេះ គឺអាចនឹងធ្វើតាមការណែនាំ ឬ ស្នើសុំរបស់ Apple ព្រោះថា បច្ចុប្បន្នប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងតែមានតាមតឹងយ៉ាងខ្លាំង ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យា ធំៗ ត្រូវបានជាប់ក្នុងបញ្ជីនៃការធ្វើជំនួញ ឬបញ្ជីខ្មៅ ហេតុនេះហើយដើម្បីគេចចេញពីបញ្ហាគឺមានតែឱ្យ Foxconn ប្ដូរមកវៀតណាម ព្រោះអី Foxconn អ្នកផ្គត់ផ្គង់រាល់ផលិតផលរបស់ Apple ស្ទើរតែ ៩០ភាគរយ៕