(ដាប់លីន)៖ កីឡាករប្រដាល់ក្នុងទ្រុង Conor McGregor បានអួតក្តែងៗថា រូបគេនឹងប្រើពេលតែ ១នាទីប៉ុណ្ណោះ ដើម្បីផ្តួលគូប្រជែង Dustin Poirier ដែលនឹងធ្វើឡើងនាថ្ងៃសៅរ៍ ទី២៣ ខែមករាចុងសប្តាហ៍នេះ នៅសង្វៀន Etihad Arena ស្ថិតនៅប្រទេសអារ៉ាប់រួម។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Dailymail កីឡាករវ័យ ៣២ឆ្នាំ McGregor បានថ្លែងថា «ខ្ញុំនឹងផ្តួល Dustin ឲ្យលឿនបំផុតមិនឲ្យដល់ពេញទឹកឡើយ។ ខ្ញុំស្រឡាញ់គាត់ ខណៈគាត់ជាកីឡាករដ៏ខ្លាំងមួយរូប ក៏ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់ក្រោមខ្ញុំទេ»

វាមានរយៈពេល ៦ខែមកហើយគិតចាប់ពីកីឡាករអន្តរជាតិអៀរឡង់ខាងលើនេះបានប្រកាសចូលនិវត្តន៍ជាលើកទី៣ ពីសង្វៀនប្រដាល់ក្នុងទ្រុង UFC ហើយគូប្រជែងអាមេរិក Poirier ជាដៃគូដំបូងក្នុងឆ្នាំ២០២១ នេះដែរ។ Conor McGregor ក៏ស្ថិតក្នុងគម្រោងប៉ះជាមួយកីឡាករប្រដាល់សកល Manny Pacquiao ក្នុងឆ្នាំនេះដែរ នៅពេលដែលកិច្ចចរចាបានសម្រេចជាង ៦០% ហើយនោះ។

McGregor ធ្លាប់បានផ្តួល Dustin Poirier ត្រឹមទឹកទី២ ម្តងរួចមកហើយកាលឆ្នាំ២០១៤ នៅមុនពេលកីឡាករអៀរឡង់រូបនេះប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្រោមថ្វីដៃរបស់កីឡាករ Nate Diaz និងជើងខ្លាំងរបស់រុស្ស៊ី Khabib Nurmagomedov និងការប្រកួតចុងក្រោយមុនប្រកាសចូលនិវត្តន៍បានយកឈ្នះ Donald Cerrone ត្រឹមទឹកទី៤៕