(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិកាបុង Pierre-Emerick Aubameyang រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ របស់កាំភ្លើងធំ Arsenal ទៅលើក្រុមភ្ញៀវ Newcastle United នារាត្រីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងយុទ្ធនាការលីគកំពូល Premier League។
តាមរយៈជ័យជម្នះក្នុងដីនៃកីឡដ្ឋាន Emirates នេះដែរ បានធ្វើឲ្យក្រុមរបស់ Mikel Arteta លេង ៥ប្រកួតចុងក្រោយនៅ Premier League មិនចាញ់ឡើយ ក្រៅពីឈ្នះ ៤ដង និងស្មើ ១ដង ដោយរកបាន ២៧ពិន្ទុឡើងមកឈរនៅលេខរៀងទី១០ បណ្តោះអាសន្នបញ្ចប់ជើងទី១ ក្រោយឆ្លងកាត់ ១៩ប្រកួតរបស់ពួកគេ។
ជាមួយគ្នានោះដែរ ២គ្រាប់របស់អតីតខ្សែប្រយុទ្ធដែល Arsenal ទិញពីក្លិប Borussia Dortmund គឺបានកើតឡើងនៅនាទី៥០ និងនាទី៧៧ ធ្វើឲ្យកីឡាករវ័យ ៣១ឆ្នាំ Aubameyang កើនគ្រាប់ស៊ុតបាន ៥គ្រាប់ហើយនារដូវកាលនេះក្នុងលីគកំពូលអង់គ្លេស ក្រោយពេលរូបគេរកបាន ២២គ្រាប់នៅ PL ក្នុងចំណោមគ្រាប់បាល់សរុប ២៩គ្រាប់គ្រប់កម្មវិធីប្រកួតឲ្យកាំភ្លើងធំកាលពីរដូវកាលមុន។
ការបរាជ័យក្រៅដីនេះដែរ បានធ្វើឲ្យក្រុមសារិកាព្រៃ Newcastle United ដែលដឹកនាំដោយលោក Steve Bruce បន្តលិចលង់ក្នុងលេខរៀងទី១៥ ដដែលដោយមាន ១៩ពិន្ទុនៅក្រៅតំបន់កាត់ចោលពី Fulham តែ ៧ពិន្ទុប៉ុណ្ណោះ៕