Facebook នឹងបើកការិយាល័យនៅតួកគី ក្រោយពេលផ្ទុះការតវ៉ា និងឈប់ប្រើប្រាស់កម្មវិធី WhatsApp
19-01-2021 09:18
(អាមេរិក)៖ បណ្ដាញសង្គម Facebook និង Instagram នឹងអនុវត្តតាមច្បាប់បណ្ដាញសង្គមរបស់ប្រទេសតួកគី ព្រមទាំងបើក ការិយាល័យនៅក្នុងប្រទេសតួកគីផងដែរ ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយពេលរដ្ឋាភិបាលតួកគីសម្រេចបើក ការ ស៊ើបអង្កេតលើបណ្ដាញសង្គម WhatsApp។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពេលបណ្ដាញសង្គម WhatsApp ដែលគ្រប់គ្រងដោយ Facebook បានដាក់ចេញគោលការណ៍ និងបទប្បញ្ញត្តិស្ដីអំពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួន របស់ អ្នក ប្រើប្រាស់ពី WhatsApp ទៅកាន់ Facebook នោះ រដ្ឋាភិបាលតួកគី បានចេញមុខបើកការស៊ើបអង្កេតលើករណីនេះភ្លាម ស្របពេល ដែល អ្នកប្រើប្រាស់ជាច្រើន នៅក្នុងប្រទេសតួកគី ដូចជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីក៏បានឈប់ប្រើ WhatsApp ។
គួរបញ្ជាក់ផងដែរថា ការដាក់ចេញបទប្បញ្ញត្តិថ្មីរបស់ WhatsApp ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យផ្ទាល់ខ្លួន ទៅកាន់ Facebook ដែលជាមេធំនោះ បានធ្វើឱ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោកមានការមិនសប្បាយចិត្ត ដោយក្នុងនោះពួកគេបានប្ដូរមកប្រើកម្មវិធី Single និង Telegram ជំនួសវិញ ហើយថ្មីៗនេះ បន្ទាប់ពីមានប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ WhatsApp បានពន្យារពេល ក្នុង ការ អនុវត្តិគោលការណ៍ថ្មីនេះផងដែរ៕