(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើកពេលមកប្រកួតនៅឆ្នាំ២០២១ នេះ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួត ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៦-១៨ ខែមករា នៅពហុកីឡដ្ឋានជាតិ ខណៈលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតឆ្នាំនេះ ដ្បិតមានធនធានវ័យក្មេងច្រើនចូលរួម។

ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា ទោះបីឆ្នាំ២០២០ មានបញ្ហាកូវីដ-១៩ ដែលនាំឲ្យការប្រកួតជើងឯកថ្នាក់ជាតិ ត្រូវពន្យារពេលម្ដងជា២ដង រហូតមកដល់ឆ្នាំ២០២១ ក៏ពិតមែន តែកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញក្នុងការប្រកួតរយៈពេល ៣ថ្ងៃកន្លងមក ពិសេសធនធានកីឡាករ-កីឡាការិនីវ័យក្មេងបានបង្ហាញសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់។

ផ្អែកលើសមិទ្ធផលក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទាំងអ្នកឈ្នះ និងអ្នកចាញ់ត្រូវបន្ដការខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីឆ្ពោះទៅការប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិ ពិសេសការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាចុងឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣ ផ្ទាល់តែម្ដង។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតជើងឯកជាតិ ឆ្នាំ២០២០ ដែលពន្យារពេលមកធ្វើនៅឆ្នាំ២០២១ នេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៨២នាក់ មកពី ១៥សមាគម/ក្លិប។ ជាលទ្ធផលក្រសួងមហាផ្ទៃ បន្ដឈរលេខ១ ដណ្ដើមបានមេដាយមាស៣ និងប្រាក់១ គ្រាដែលសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ និងលេខ៣ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ដូចគ្នា។

ដោយឡែកក្លិបផ្សេងទៀតដែលដណ្ដើមបានមេដាយ រួមមានសម្ព័ន្ធកីឡាវាយសី ខេត្តកំពង់ចាម ឈរលេខ៤ ដណ្ដើមបានមេដាយមាស១ ខណៈសម្ព័ន្ធកីឡាវាយសី ខេត្តព្រះសីហនុ, ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង ឈរលេខ៥ ដល់លេខ៨ ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ដូចគ្នា។ រីឯក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ និងសម្ព័ន្ធកីឡាវាយសី ខេត្តស្វាយរៀង ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ៕