(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានប្រកាសពីការរកឃើញជំងឺ Covid-19 ចំនួន ១៦ករណីថ្មីទៀតពីការធ្វើតេស្តជុំចុងក្រោយនាសប្តាហ៍មុននេះ។
ការធ្វើតេស្តដែលត្រូវបានធ្វើឡើងទៅលើមនុស្សចំនួន ៣,១១៥នាក់ក្នុងជុំទី២ កាលពីសប្តាហ៍មុននៅចន្លោះថ្ងៃទី១១-១៤ ខែមករា ឆ្នាំ២០២១ គឺមាន ១០ករណីថ្មីនៃជំងឺខាងលើនេះ និង ៦ករណីថ្មីទៀតត្រូវបានរកឃើញនៅចន្លោះការធ្វើតេស្តថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២១។
តែយ៉ាងណាចំនួននេះ វាបានធ្លាក់ចុះពី ៣៦ករណីកាលពីដើមខែមករា មកនៅត្រឹមតែ ១៦ករណីប៉ុណ្ណោះ ដោយពុំបានបញ្ជាក់ថាបុគ្គលិក និងកីឡាករនៃក្លិបណាខ្លះនោះទេ ដែលបានឆ្លង Covid-19 នេះ។
គួរបញ្ជាក់ផងថា គិតត្រឹមខែមករា ដើមឆ្នាំ២០២១ នេះ Premier League បានរកឃើញ Covid-19 សរុបចំនួន ៩២ករណីពីការធ្វើតេស្តមនុស្សជាង ៨ពាន់នាក់ទាំងមន្រ្តីក្លិប និងកីឡាករ៕