(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាថ្មីមួយទៀតនៅថ្ងៃចន្ទម្សិលមិញនេះថា ភ្នាក់ងារ អាមេរិក ទាំងអស់ ត្រូវសិក្សា និងវាយតម្លៃពីហានិភ័យសុវត្ថិភាព ពាក់ព័ន្ធនឹងការប្រើប្រាស់យន្តហោះគ្មានអ្នកបើក Drone ដែលផលិតដោយ ប្រទេសចិន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិក និងស្ថាប័នរក្សាសន្តិសុខជាតិទាំងអស់ត្រូវពិនិត្យមើលទៅលើ ហានិភ័យដែលអាចបង្កឡើង ដោយ យន្តហោះ Drone ដែលផលិតដោយប្រទេសចិន ជាពិសេសគឺ Drone ដែលបានយកមកប្រើនៅក្នុងជួររដ្ឋាភិបាល និង យោធា។
លោក ត្រាំ បានបញ្ជាក់ថា Drone ដែលផលិតឡើងដោយក្រុមហ៊ុនចិន ឬ បណ្ដាប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង គួរតែត្រួតពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់មុននឹងយកមកប្រើប្រាស់នៅក្នុងប្រទេសអាមេរិក ព្រោះថាវាអាចបង្កជាហានិភ័យដល់ សន្តិសុខជាតិ។ លោក តាំ ក៏បានបញ្ជាក់ទៀតថា ប្រើសិនជាភ្នាក់ងារអាមេរិកណាមួយរកឃើញថា វាអាចបង្កគ្រោះថ្នាក់ ឬហានិភ័យ ភ្នាក់ងារ នោះមានសិទ្ធិដក Drone នោះចោល ឬឈប់ប្រើប្រាស់បាន។
ការចេញបទបញ្ជាថ្មីនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលអាមេរិក ដាក់ក្រុមហ៊ុនចិន SZ DJI Technology Co ដែលជា ក្រុមហ៊ុនផលិត Drone ធំជាងគេបំផុតនៅក្នុងពិភពលោក ចូលក្នុងបញ្ជីខ្មៅ ខណៈដែលមានក្រុមហ៊ុនផលិត Drone ប្រមាណជា ៨០០ ផ្សេងទៀត ស្ថិតក្នុងការស៊ើបអង្កេតមុនដាក់ឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក៕