(អាមេរិក)៖ តារាចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះរបស់អាមេរិក គឺលោក Garth Brooks ថ្មីៗនេះបានប្រកាសចូលរួមក្នុងព្រឹត្តិការណ៍ពិសេស ជាមួយសិល្បករល្បីៗដទៃទៀត ក្នុងថ្ងៃឡើងកាន់តំណែង របស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក ចូ បៃដិន ដែលនឹងខិតចូលមកដល់ នាពេលឆាប់ៗនេះ។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន ABC នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
«ជាថ្ងៃដ៏អស្ចារ្យនៅក្នុងផ្ទះរបស់ពួកយើងទាំងមូល» នេះជាសំដីរបស់តន្ត្រីករល្បីឈ្មោះ Garth Brooks និយាយនៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃច័ន្ទ ទី១៨ ពីរថ្ងៃមុននឹងលោក ចូ បៃដិន ឡើងកាន់តំណែង។ លោកថា «នេះមិនមែនជាសេចក្តីថ្លែងការបែបនយោបាយនោះទេ, តែវាជាសេចក្តីថ្លែងការបែបរួបរួម»។
បើគេនៅចាំមិនភ្លេច តារាល្បីលោក Brooks បានចូលរួមសម្តែងជាមួយ Lady Gaga និង Jennifer Lopez រួមនឹងតារាផ្សេងទៀត អំឡុងពេលពិធីអបអរសាទរការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក របស់លោក Barack Obama កាលពីឆ្នាំ២០០៩។ តែយ៉ាងណា លោកបានបោះបង់ឱកាសឡើងសម្តែងបែបនេះ សម្រាប់ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Donald Trump កាលពីឆ្នាំ ២០១៧ ដោយបានលើកឡើងថា ដោយសារបញ្ហាកាលវិភាគ។
តារាចម្រៀងលោក Brooks ត្រូវបានអញ្ជើញឲ្យចូលរួមដោយជំទាវទី១ គឺលោកស្រី Jill Biden ដើម្បីសម្តែងតន្រ្តី Solo ក្នុងថ្ងៃឡើងកាន់តំណែងរបស់លោក ចូ បៃដិន ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ស្អែកនេះ ខណៈតារាចម្រៀង Brooks បានស្គាល់លោក បៃដិន ជាងមួយទសវត្សរ៍មកហើយ តាំងពីពេលដែលលោក ចូ បៃដិន នៅជាអនុប្រធានាធិបតីក្នុងអាណត្តិរបស់លោក Obama មកម្ល៉េះ។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ មានតារាល្បីៗរបស់អាមេរិកជាច្រើន បានប្រកាសជាបន្តបន្ទាប់ ក្នុងការឡើងច្រៀងចម្រៀង ដើម្បីអបអរសាទរការឡើងកាន់តំណែង ជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក របស់លោក ចូ បៃដិន ក្នុងនោះមានដូចជា តារាហូលីវូដល្បី Tom Hanks, តារាចម្រៀង Lady Gaga, Jennifer Lopez និង លោក Garth Brooks ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕