(អាមេរិក)៖ នៅដើមសប្ដាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន Parler បានប្រកាសថា វេបសាយរបស់ខ្លួនបានដំណើរការឡើងវិញ ក្រោយ ពេលបិទអស់រយៈពេលប្រមាណជាមួយសប្ដាហ៍ ដោយសារតែបណ្ដាញសង្គមនៃវេទិកាបញ្ចេមតិដោយសេរីមួយនេះបានល្មើសនឹង គោល ការណ៍ ព្រមទាំងបង្កឱ្យមានអំពើហិង្សា។
ក្រោយពេលលោក John Matze នាយកប្រតិបត្តិ Parler ប្រកាសថា វេបសាយដំណើរការឡើងវិញហើយនោះ ក្រុមអ្នកឃ្លាំមើលបាន ចាប់ផ្ដើមឆែកភ្លាម ថាតើវេបសាយនោះដំណើរការឡើងវិញដោយវិធីណា ព្រោះថាក្រោយពេលបិទដោយ Amazon គឺពុំមានក្រុមហ៊ុនណា មួយព្រមផ្ដល់សេវាកម្ម Hosting សម្រាប់វេបសាយនេះទេ។
ដោយឡែកនៅពេលនេះ តាមការចេញផ្សាយរបស់សារព័ត៌មាន Reutes នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តាមរយៈការ ស៊ើបអង្កេតបានរកឃើញថា វេបសាយ Parler បានដំណើរការឡើងវិញដោយសារតែក្រុមហ៊ុនរុស្ស៊ី Cognitive Cloud LP ដែល គ្រប់ គ្រង ដោយជនជាតិរុស្ស៊ីពីរនាក់ ប៉ុន្តែមិនមានព័ត៌មានលម្អិតជាងនេះទេ។
Parler បានប្រើប្រាស់សេវាកម្ម Hosting របស់ក្រុមហ៊ុន Amazon ប៉ុន្តែត្រូវបានក្រុមហ៊ុន Amazon បិទមិនឱ្យដំណើរការ ក្រោយ ពេល ផ្ទុះករណីអំពើហិង្សាដែលនាំឱ្យចលាចលពាសពេញរដ្ឋធានីសហរដ្ឋអាមេរិក ចំណែក App របស់ Parler ក៏ត្រូវបាន ដកចេញពី Store ភ្លាមៗផងដែរ។
គួរបញ្ជាក់ផងដែរថា Parler គឺជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ប្រមាណជា ១២លាននាក់ ក្នុងនោះភាគច្រើនគឺជា អ្នក នយោបាយ ជាពិសេសគឺក្រុមអ្នកគាំទ្រលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយបានបង្ហោះសារកាលពីថ្មីៗនេះ ដែល នាំឱ្យមានកើតមានអំពើហិង្សា៕