(ពិភពលោក)៖ ផ្ទាំងថ្មទម្ងន់រាប់តោនដែលត្រូវមនុស្សជំនាន់មុនតម្រៀបតម្កល់លើគ្នា ត្រូវបានពិភពលោកឱ្យឈ្មោះថា ដូលមិន (Dolmen)។ ឈ្មោះនេះហាក់ដូចជាប្លែកបន្តិចសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ពីព្រោះតែថ្មប្រភេទនេះមិនទាន់មានគេរកឃើញឡើយនៅប្រទេសកម្ពុជា ប៉ុន្តែវាត្រូវបានគេស្គាល់ស្ទើរតែទូទាំងពិភពលោក ថែមទាំងមានការអភិរក្សទុកដូចជាសម្បត្តិមនុស្សជាតិទៀតផង។

Dolmen ត្រូវបានគេពន្យល់ថាជានិម្មិតសញ្ញាសំខាន់នៃសម័យបុរេប្រវត្តិ និងជានិម្មិតសញ្ញានៃការរួមគ្នាជាក្រុមកុលសម្ព័ន្ធបង្កើតបានជាពូជពង្សមនុស្ស ឬអាចនិយាយបានថាវាជាតឹងតាងដែលបន្សល់ទុកដោយបុព្វបុរសសម័យបុរេប្រវត្តិ ពេលដែលពួកគាត់រស់នៅជាកុលសម្ព័ន្ធនៅឡើយ។ តាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រ ថ្មបុព្វបុរសដើមទាំងនេះចាប់ផ្ដើមមានវត្តមានក្នុងយុគថ្មរំលីងដំបូង ចន្លោះឆ្នាំ ៤០០០-៣០០០ មុនគ្រិស្ដសករាជ។

បច្ចុប្បន្ន គេឃើញមានថ្ម Dolmen ស្ទើរតែពាសពេញពិភពលោក ដូចជានៅប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង តំបន់អាហ្វ្រិក តំបន់មជ្ឈិមបូព៌ា ឥណ្ឌា ចិន កូរ៉េជាដើម។ Dolmen ទាំងនោះមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលមានសណ្ឋានជាដំបូលថ្មខ្នាតធំមហិមា ឬផ្ទាំងថ្មធំៗ ដែលត្រូវបានគេដាក់តម្កល់ពីលើសសរថ្ម ២ ដើម ឬ ៣ ដើម ឬ ៤ ដើម ឬក៏ដាក់តម្កល់ពីលើថ្មតូចៗជាច្រើន។ នៅខាងក្រោមដំបូលថ្មទាំងនោះច្រើនតែជាកន្លែងកប់សាកសព ខណៈមនុស្សសម័យបុរេប្រវត្តិតែងតែកប់របស់របរប្រើប្រាស់ និងគ្រឿងប្រដាប់របស់អ្នកស្លាប់ចូលទៅដែរ។

នៅលើពិភពលោកយើងនេះ Dolmen គឺសម្បូរច្រើនជាងគេនៅប្រទេសកូរ៉េខាងត្បូង ជាមួយនឹងបរិមាណដល់ទៅជាង ៣៥,០០០ កន្លែងឯណោះ ឬស្មើនឹង ៤០% នៃដូលមិនទាំងអស់នៅលើពិភពលោក។ សារៈមន្ទីរអភិរក្សថ្ម Dolmen ល្បីៗនៅប្រទេសកូរ៉េ រួមមាន ខូចអាង (Koch'ang) វ៉ាស៊ុន (Hwasun) និងកាងវ៉ា (Kanghwa) ខណៈតំបន់អភិរក្សទាំងបីកន្លែងនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ចាប់តាំងពីឆ្នាំ១៩៤៥ ការស្រាវជ្រាវថ្មីត្រូវបានធ្វើឡើងដោយអ្នកសិក្សាជនជាតិកូរ៉េ។ លុះដល់នៅឆ្នាំ១៩៨១ អ្នកជំនាញរបស់កូរ៉េបានបែកចែក Dolmen ជាពីរប្រភេទ គឺដូលមិនខាងជើង ដែលមានសសរថ្ម ២-៣ ដើមបញ្ឈរទៅលើ ហើយមានថ្មផ្ទាំងធំផ្កាប់នៅខាងលើសសរថ្មទាំងនោះ រីឯដូលមិនម្យ៉ាងទៀត គឺដូលមិនខាងត្បូង ដែលមានលក្ខណៈជាថ្មតូចៗ ២-៥ ដុំរៀបទាបៗ ហើយនៅខាងលើថ្មតូចៗនេះមានថ្មធំមួយផ្ទាំងរាងសំប៉ែត ឬមូលក៏មាន។

សូមជម្រាបថា Dolmen នៅតែជាប្រស្នាដ៏អាថ៌កំបាំងសម្រាប់អ្នកបុរាណវិទ្យារហូតដល់សព្វថ្ងៃនេះ ពីព្រោះគេនៅមិនទាន់ដឹងថា មនុស្សបុរាណប្រើវិធីអ្វីដើម្បីជញ្ជូនថ្មដែលមានទម្ងន់រាប់តោន និងមានវិធីរៀបចំដូចម្ដេចខ្លះ ទើបអាចតម្កល់ថ្មទាំងនោះដោយមិនធ្លាក់ចុះមកដីវិញ សូម្បីតែកន្លងទៅរាប់ពាន់ឆ្នាំហើយក៏ដោយ៕