(ភ្នំពេញ)៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលបានលើកពេលមកធ្វើក្នុងឆ្នាំ២០២១ គ្រោងប្រកួតនាថ្ងៃទី២២-២៣ ខែមករាចុងសប្ដាហ៍នេះ នៅខេត្តសៀមរាប ខណៈការប្រកួតនេះផ្ដោតសំខាន់លើគោលដៅធំៗពីរ ដើម្បីអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន។ នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។
ការលើកឡើងនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ ក្នុងឱកាសនោះ សហព័ន្ធក៏បានប្រកាសក្រុមហ៊ុន Herbalife Nutrition គឺជាដៃគូឧបត្ថម្ភផ្ដាច់មុខ ក្នុងដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលមានទឹកប្រាក់ចំនួន ២០,៧០០ដុល្លារផងដែរ។
លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៣៩០នាក់ មកពី ២៤សមាគម/ក្លិប និងរាជធានី-ខេត្ត។ ប៉ុន្ដែរួមទាំងមន្ដ្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត អាចមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់។ អ្វីដែលសំខាន់ សហព័ន្ធនឹងយកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបន្ដថា «គោលដៅនៃការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះ សហព័ន្ធគឺមាន២ ទី១-អនុវត្តផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ មានការឯកភាពពីឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធ បានដាក់ចេញ គឺថាយើងត្រូវពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំ ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្ដរជាតិផ្សេងៗ»។
ទី២-គោលដៅសំខាន់របស់សហព័ន្ធនោះ «គឺតាមរយៈការប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនីពីគ្រប់រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេពកោសល្យ ចំណេះដឹង និងជំនាញ ដូច្នេះការប្រកួតនេះ ក៏ដូចជាបានបង្ហាញពីការវិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ»។ លើសពីនេះសហព័ន្ធក៏នឹងសម្លឹងរកអ្នកមានសមត្ថភាពត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះដែរ។
ទន្ទឹមជាមួយគ្នាលោកស្រី ឈុន ណៃឈីវ តំណាងក្រុមហ៊ុនខាងលើ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការក្លាយជាដៃគូឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិកម្ពុជា ពិសេសកីឡាទោចក្រយានកម្ពុជា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងឈានទៅប្រកួតដោយស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ។ មិនតែប៉ុណ្ណោះ លោកស្រីក៏សង្ឃឹមថា នឹងក្លាយជាដៃគូសហការយូរអង្វែងជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ៕