(កូរ៉េ)៖ ក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC) នៅថ្ងៃអង្គារ៍នេះបានប្រកាសថា នឹងចាប់ផ្តើមដំណើរការយុទ្ធនាការមួយឈ្មោះថា «Korean Actor 200» ជាលក្ខណៈសកលតាមរយៈគេហទំព័រមួយជាភាសាអង់គ្លេស ដើម្បីផ្សព្វផ្សាយសិល្បករ-សិល្បការិនីកូរ៉េទៅកាន់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Herald នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ក្នុងចំណោមអ្នកសិល្បៈកូរ៉េទាំង២០០នោះ រួមមានសិល្បករ១០០នាក់ និងសិល្បការិនី១០០នាក់ ដែលពួកគេទាំងអស់ត្រូវបានជ្រើសរើស ដោយផ្អែកទៅលើប្រជាប្រិយភាពក្នុងស្រុក និងការទទួលបានពានរង្វាន់ ផ្នែកខ្សែភាពយន្តលក្ខណៈអន្តរជាតិ ដែលជាសមទ្ធិផលរបស់ពួកគេផ្ទាល់។
គេហទំព័រជាភាសាអង់គ្លេស ដែលបង្ហាញពីតារាសម្តែងត្រូវបានជ្រើសរើសទាំង២០០នាក់ខាងលើ និងបើកដំណើរការនៅខែមីនា ខាងមុខនេះ ហើយវានឹងរួមបញ្ចូលជាមួយវីដេអូចំនួន២០០ ដែលវីដេអូនីមួយៗសម្តែងដោយពួកគេម្នាក់ៗ ដែលបង្ហាញពីអាជីពរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្រុមការងារខ្សែភាពយន្តកូរ៉េ។
កូនសៀវភៅមួយក្បាលដែលមានឈ្មោះថា «The Actor is Present» នឹងបញ្ចូលនូវប្រវត្តិរូបរបស់សិល្បករម្នាក់ៗ ដែលនាងត្រូវបានផ្សាយចេញ និងជាផ្នែកមួយនៃយុទ្ធនាការសកលនេះផងដែរ។
គួរជម្រាបថា យុទ្ធនាការនេះជាផ្នែកមួយនៃគម្រោង របស់ក្រុមប្រឹក្សាភាពយន្តកូរ៉េ ដែលមានឈ្មោះថា «Korean Actors»។ ក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC) សង្ឃឹមថា វានឹងជួយផ្សព្វផ្សាយសិល្បករកូរ៉េទៅកាន់ក្រៅប្រទេស, ផ្តល់ព័ត៌មាននានាដល់មហោស្រពភាពយន្តនៅឯបរទេស និងជួយធ្វើឲ្យបណ្តាប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់ ស្គាល់ពីផលិតករ, អ្នកដឹកនាំរឿង ក៏ដូចជាសិល្បករកូរ៉េ។