(ប៉េកាំង)៖ កាលពីពេលថ្មីៗនេះ ប្រទេសចិននិងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍការកសាងសមត្ថភាព នៃវិស័យសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណែត និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា។ វាជាកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណែត​ដំបូងគេបង្អស់របស់ចិនជា​មួយបរទេស។ នេះបើយោងតាមការដកស្រង់ខ្លឹមសារចេញពី សេចក្តីថ្លែងការណ៍មួយនៅលើវែបសាយរបស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

អនុស្សរណៈយោគយល់គ្នាខាងលើ ដែលនឹងផ្តល់ក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសមត្ថភាពនិងបច្ចេកវិទ្យាសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោក វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី។

ក្នុងដំណើរទស្សនកិច្ចនោះ លោក វ៉ាង យី បានជួបពិភាក្សាជាមួយលោក ល៊ូហ៊ុត ប៊ីនសា ផានចៃតាន់ (Luhut Binsar Pandjaitan) ជារដ្ឋមន្ត្រីសម្របសម្រួលផ្នែកកិច្ចសហប្រតិបត្តិការរវាងសាធារណៈរដ្ឋប្រជាមានិតចិននិងសាធារណៈរដ្ឋឥណ្ឌូណេស៊ី។ លោក វ៉ាង យី បានចង្អុលបង្ហាញថា ប្រទេសទាំងពីរគួរតែរួមគ្នាថែរក្សាសន្តិសុខផ្នែកឌីជីថល ក៏ដូចជាបង្កើតសហគមន៍រួមមួយដោយផ្តោតសំខាន់លើសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណែត។

នៅក្រោម MoU នោះ ភាគីនៃកិច្ចសហប្រតិបត្តិការនឹងត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៍គោរពអធិបតេយ្យភាពគ្នាជុំវិញផ្នែកបណ្តាញឌីជីថល ហើយធ្វើការរួមគ្នាដើម្បី​លើកកម្ពស់​ការបង្កើតប្រព័ន្ធពហុភាគីមួយ សម្រាប់គ្រប់គ្រងសន្តិសុខអ៉ីនធឺណែតជាលក្ខណៈអន្តរជាតិ ដែលមានប្រជាធិបតេយ្យនិងតម្លាភាព សុវត្ថិភាពនៃទិន្នន័យ បើកចំហទូលាយ សហប្រតិបត្តិការ ទំនួលខុសត្រូវ ដើម្បីឲ្យជាប្រព័ន្ធមួយដែលប្រកបដោយសណ្តាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន។

អ្នកជំនាញផ្នែកសន្តិសុខប្រព័ន្ធអ៉ីនធឺណែតនៃវិទ្យាស្ថានស្រាវជ្រាវអ៉ីនធើណែត សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខនៃប្រព័ន្ធគមនាគមន៍និងព័ត៌មាន (CISSReC) របស់ប្រទេសឥណ្ឌូណេស៉ី គឺលោក ផ្រាតាម៉ា ភើសាដា (Pratama Persadha) បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូណេអ៉ីនិងចិន ក្នុងវិស័យសន្តិសុខ​និងបច្ចេកវិទ្យាអ៉ីនធឺណែតគឺជាជំហានដ៏ត្រឹមត្រូវមួយ ព្រោះវាផ្តល់អត្ថប្រយោជន៍ចំពោះគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត បច្ចុប្បន្នចិនត្រូវបានអន្តរជាតិ​ទទួលស្គាល់ជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍបណ្តាញសេវាជំនាន់ថ្មី 5G តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ចិន។

លោក Pratama បានបន្តថា «ឥណ្ឌូណេស៊ីត្រូវតែរក្សានូវអព្យាក្រឹតភាព ដើម្បីជៀសវាងការត្រូវប្រឈមសម្ពាធពីសំណាក់សហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងនាមជាប្រទេសអធិប​តេយ្យមួយ ឥណ្ឌូណេស៊ីពិតជាមានសេរីភាពក្នុងការសហការជាមួយប្រទេសណាមួយ ដរាបណាវាផ្តល់ប្រយោជន៍ដល់ប្រជាជនខ្លួន» ។ លោក Pratama សង្ឃឹមថា នឹងមានការពន្លឿនថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៉ីនធឺណែតនៅក្នុងប្រទេសឥណ្ឌូណេស៉ី ជាពិសេសចាប់តាំងពីឥណ្ឌូណេស៊ីមាន​ប្រព័ន្ធឆ្អឹងខ្នង​អ៉ីនធឺណែត (internet backbone) រួចទៅហើយដែលមានឈ្មោះថា Palapa Ring។

អមជាមួយនឹងការប្រើប្រាស់បន្ថែមនៃបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិន Huawei អ្នកជំនាញខាងលើបានបន្ថែមទៀតថា វានឹងជួយពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G នៅក្នុងប្រទេសឥណ្ឌូណេស៉ីផងដែរ។ រូបលោកក៏បានលើកឧទាហរណ៍អំពីរបៀប ដែលចិនបានសាងសង់ទីក្រុងសិនចិន (Shenzhen) ឱ្យក្លាយជាទីក្រុងមួយដែល​អនុវត្តបច្ចេកវិទ្យា 5G បានយ៉ាងល្អបំផុតទៀតផង។

ទន្ទឹមនឹងនោះ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាឥណ្ឌូណេស៉ី លោក អនណូ ភើបូ (Onno W Purbo) បានលើកឡើងថា វាហាក់គ្មានបញ្ហាអ្វីទេ ជុំវិញកិច្ចសហប្រតិបត្តិការរវាង​ឥណ្ឌូណេស៉ីនិងចិន។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រទេសឥណ្ឌូណេស៊ីត្រូវតែរក្សានូវឯករាជ្យភាព។ លោក Onno បានបន្តថា «យើងអាចធ្វើការជាមួយគ្នាបាន ប៉ុន្តែយើងមិនពឹងផ្អែកលើប្រទេសផ្សេងណាមួយនោះទេ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និង ចិនជាដើម។ យ៉ាងហោចណាស់ឥណ្ឌូណេស៉ីក៏កំពុងព្យាយាមផលិតបច្ចេកវិទ្យាផ្ទាល់ខ្លួនដោយឯករាជ្យភាពផងដែរ»។

ក្រុមអ្នកវិភាគបានរំពឹងថាកិច្ចព្រមព្រៀងខាងលើ នឹងជួយពង្រឹងការទុកចិត្តគ្នាទៅវិញពាក់ព័ន្ធផ្នែកសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណែត ដែលរួមមានទាំងលក្ខខណ្ឌស្តីពីការបើកទូលាយនៃទីផ្សារទូរគមនាគមន៍រវាងប្រទេសទាំងពីរ និងសំខាន់បំផុតនោះគឺលើការសន្យាថា ប្រទេសម្ខាងៗនឹងមិនស្នើឲ្យក្រុមហ៊ុនរបស់ខ្លួនប្រើប្រាស់មធ្យោបាយខុសឆ្គងណាមួយ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់ភាគីឡើយ។

គួរបញ្ជាក់ថា ជាមួយនឹង GDP ប្រហែល១ទ្រីលានដុល្លារ ឥណ្ឌូណេស៊ីជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ហើយសកម្មភាពណាមួយរបស់ឥណ្ឌូណេស៉ី អាចនឹងមានឥទ្ធិពលគួរសមទៅលើបណ្តាប្រជាជាតិអាស៉ីអាគ្នេយ៍ដទៃទៀត ដែលភាគច្រើន កំពុងព្យាយាមដកគម្លាតពីសហរដ្ឋអាមេរិក ហើយផ្តោតទៅប្រកាន់យកគោលការណ៍ឯករាជ្យផ្នែកនយោបាយ និងអព្យាក្រឹត្យផ្នែកសេដ្ឋកិច្ច៕