(បរទេស)៖ ជារឿយៗនៅពេលមានករណីធ្លាក់យន្តហោះ យើងតែងចំណាំឃើញថាក្រុមប្រតិបត្តិការរុករកខិតខំខ្នះខ្នែងរករបស់ម៉្យាង ហៅថា «ប្រអប់ខ្មៅ»។ ប្រហែលជាអ្នកខ្លះមានចម្ងល់ថា តើវាជាអ្វីទៅ និងមានសារសំខាន់កម្រិត ដើម្បីជួយដល់ការស៉ើបអង្កេត។

banner

ប្រអប់ខ្មៅគឺជាឧបករណ៍អេឡិចត្រូនិកមួយដែលផ្ទុកនៅក្នុងយន្តហោះ សម្រាប់កត់ត្រានូវព័ត៌មានសំខាន់ៗ ដែលអាចជួយសម្រួលដល់ការងារស៊ើបអង្កេតជុំវិញ គ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗនៃការធ្វើដំណើរតាមផ្លូវអាកាស។ ឧបករណ៍នេះជាទូទៅ ត្រូវគេស្គាល់ថាជាប្រអប់ខ្មៅ ប៉ុន្តែតាមពិតទៅរូបរាងរបស់វាមានពណ៌ទឹកក្រូចទៅវិញទេ ដើម្បីងាយស្រួលក្នុងការស្វែងរក ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើង។

ជាទូទៅ ប្រអប់ខ្មៅត្រូវបែងចែកជាពីរប្រភេទ ក្នុងនោះមួយប្រភេទសម្រាប់កំណត់ត្រាទិន្នន័យផ្សេងៗរបស់យន្តហោះអំឡុងពេលធ្វើដំណើរ ហើយវាហៅកាត់ថា FDR។ មួយប្រភេទទៀតសម្រាប់កត់ត្រាសំឡេងក្នុងបន្ទប់អ្នកបើកយន្តហោះ បូករួមទាំងការសន្ទនារវាងអាកាសយានិក ហៅកាត់ថា CVR។

ប្រអប់ខ្មៅ FDR កត់ត្រាទុកនូវទិន្នន័យដូចជាល្បឿន រយៈកម្ពស់ សន្ទុះឡើង-ចុះ និងលំហូរឥន្ធនៈរបស់យន្តហោះជាដើម ហើយវាអាចផ្ទុកទិន្នន័យទាំងនេះបានរយៈពេល ២៥ ម៉ោងចុងក្រោយ។ ចំណែកប្រអប់ខ្មៅ CVR វិញថតទុកនូវសំឡេងសន្ទនាទាំងអស់រវាងអាកាសយានិក ក៏ដូចជាការសន្ទនារវាងអាកាសយានិក និងក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ សំឡេងកុងតាក់ និងម៉ាស៉ីនយន្តហោះ ក៏ត្រូវថតទុកដោយឧបករណ៍ CVR ដែរ ខណៈសមត្ថភាពរក្សាទុកសំឡេងរបស់វាគឺបានត្រឹម ២ ម៉ោងចុងក្រោយប៉ុណ្ណោះ។

ករណីខ្លះឧបករណ៍ FDR និង CVR ក៏ត្រូវបានបញ្ចូលជាប្រអប់ខ្មៅតែមួយតែម្តងផងដែរ។ ឧបករណ៍ទាំងពីរមានតួនាទីចងក្រងជាឯកសារនូវប្រវត្តិការហោះហើររបស់យន្តហោះ ជាពិសេសយន្តហោះដឹកអ្នកដំណើរដែលនឹងអាចជួយដល់ការងារស៊ើបអង្កេតនាពេលក្រោយ។ ប្រអប់ខ្មៅទាំងពីរ គឺតម្រូវឲ្យបំពាក់ក្នុងយន្តហោះដោយគោលការណ៍អន្តរជាតិ ត្រួតពិនិត្យដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ប្រអប់ខ្មៅយន្តហោះអាចធន់នឹងលក្ខខណ្ឌផ្សេងៗដែលអាចជួបប្រទះក្នុងករណីគ្រោះថ្នាក់យន្តហោះធ្ងន់ធ្ងរបាន ហើយជាធម្មតាពួកវាត្រូវបំពាក់នៅផ្នែកកន្ទុយរបស់យន្តហោះ ដែលជាកន្លែងមានសុវត្ថិភាពជាងគេសម្រាប់ឲ្យពួកវារួចខ្លួនពីការប៉ះទង្គិចធ្ងន់ធ្ងរ។

ប្រអប់ខ្មៅក៏មានបំពាក់នូវឧបករណ៍ប្រាប់ទីតាំងក្រោមទឹកហៅកាត់ថា ULB ផងដែរ។ ប្រសិនបើករណីដែលយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ឧបករណ៍នោះនឹងបញ្ចេញរលកសញ្ញាអ៊ុលត្រាសូនិក (Ultrasonic) ដែលអាចទទួលបានដោយឧបករណ៍ស្តាប់សំឡេង ហើយវាអាចដំណើរការនៅក្រោមជម្រៅទឹក ៦,០០០ ម៉ែត្របាន។ នៅពេលវាចាប់ផ្តើមបញ្ចេញសញ្ញា វានឹងបន្តលោតក្នុងមួយវីនាទីម្តង សម្រាប់រយៈពេល ៣០ ថ្ងៃរហូតដល់អស់ថ្ម។ ដោយឡែកក្នុងករណីយន្តហោះធ្លាក់ទៅលើគោកវិញ ឧបករណ៍ ULB មិនបញ្ចេញសញ្ញាទេ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅសាកល្បងដំបូងបំផុតត្រូវបានផលិតឡើងកាលពីឆ្នាំ១៩៥៧ ក៏ប៉ុន្តែទាល់តែដល់ឆ្នាំ១៩៦០ បន្ទាប់ពីមានករណីធ្លាក់យន្តហោះពិបាកនឹងបកស្រាយចម្ងល់មួយ នៅរដ្ឋឃ្វីនលែន (Queensland) ទើបអូស្រ្តាលីបានក្លាយជាប្រទេសដំបូងគេលើលោក ដែលបានតម្រូវឲ្យមានការបំពាក់ប្រអប់ខ្មៅនៅក្នុងយន្តហោះពាណិជ្ជកម្មទាំងអស់។ អ្នកវិទ្យាសាស្រ្តអូស្រ្តាលីឈ្មោះ ដេវីដ វ៉ារិន (David Warren) គឺជាអ្នកបង្កើតប្រអប់ខ្មៅនេះឡើង៕