(ក្រុងឡុងដ៍)៖ Leicester City ដែលជាអតីតម្ចាស់ជើងឯក Premier League កាលឆ្នាំ២០១៦ បានឡើងទៅឈរនៅកំពូលតារាងនៃលីគកំពូលអង់គ្លេសវិញ នៅពេលយកឈ្នះតោខៀវ Chelsea ក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន King Power នារាត្រីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
កីឡាករ Ndidi និងមិត្តរួមក្រុម James Maddison រកបានម្នាក់ ១គ្រាប់នៅនាទីរៀងទីគ្នាទី៦ និងនាទី៤១ ពីជួយជ្រោមជ្រែងរបស់ Barnes និង Albrighton ដើម្បីយកបាន ៣ពិន្ទុក្នុងផ្ទះនៅថ្ងៃបិទបញ្ចប់ជើងទី១ ក្នុងសប្តាហ៍ទី១៩ មាន ៣៩ពិន្ទុឡើងឈរនៅកំពូលតារាង Premier League ផងដែរ គ្រាដែលក្រុមលេខ២ Manchester United និងលេខ៣ Manchester City នៅសល់ម្នាក់ ១ប្រកួតក្នុងដៃ។
តាមរយៈជ័យជម្នះនេះដែរ ក្រុមកញ្ជ្រោងខៀវ Leicester បាននាំមុខ Man Utd តែ ១ពិន្ទុប៉ុណ្ណោះពីតំណែងកំពូលតារាង នៅមុនពេលពួកគេ (បិសាចក្រហម) ត្រូវប៉ះម្ចាស់ផ្ទះ Fulham និង Man City ស្វាគមន៍ក្រុមភ្ញៀវ Aston Villa រាត្រីថ្ងៃនេះ ដើម្បីបញ្ចប់ជើងទី១ និងប្រជែងយកតំណែងកំពូលតារាងត្រឡប់មកវិញ។
ចំណែកឯកការបារាជ័យក្រៅដីរបស់ក្រុមតោខៀវ Chelsea នេះដែរ រឹតតែធ្វើឲ្យកៅអីរបស់អ្នកចាត់ការទូទៅ Frank Lampard រងសម្ពាធកាន់តែខ្លាំងឡើង ដ្បិតក្រុមប្រចាំទីក្រុង London មួយនេះធ្លាក់ដល់លេខ៨ ដាច់ ៥ពិន្ទុពីកៅអីលេង UEFA Champions League ផងដែរ៕