(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសសមាសភាពកីឡាករបរទេសទី៥ សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ ជាផ្លូវការហើយ គឺខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Miguel Ángel Junco Martínez (ហៅក្រៅ Mika) ដែលទើបជួយក្លិប KTP (Kotkan Työväen Palloilijat) ឡើងមកលេងក្របខណ្ឌលីគកំពូល Veikkausliiga ប្រទេសហ្វាំងឡង់នារដូវកាលឆ្នាំ២០២១។

Mika ធ្លាប់លេងឲ្យក្លិបជាច្រើននៅប្រទេសអេស្ប៉ាញ ពិសេសធ្លាប់លេងឲ្យក្លិប Huesca ដែលកំពុងលេងនៅលីគកំពូលអេស្ប៉ាញកាលពីឆ្នាំ២០១៦។ ប៉ុន្ដែកាលពីរដូវកាលមុន ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរមកលេងឲ្យក្លិប KTP ក្នុងក្របខណ្ឌលីគកទី២ ប្រទេសហ្វាំងឡង់ ដោយបង្ហាញខ្លួន ១៦ប្រកួត និងរកបាន ១១គ្រាប់ ឈរលេខរៀងទី៤ ក្នុងចំណោមកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ។

ដូច្នេះ Mika គឺជាកីឡាករបរទេសទី៥ ដែលស្វាយរៀងបាននាំចូលបង្គ្រប់កូតាកីឡាករបរទេសត្រៀមរដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិកាម៉េរូន Privat Befolo Mbarga, ខ្សែបម្រើសញ្ជាតិជប៉ុន Diasuke Kobayashi, ខ្សែបម្រើសញ្ជាតិប្រេស៊ីល Thiago Santos និងខ្សែការពារសញ្ជាតិអៀរឡង់ Paddy Barrett ដែលក្លិបទើបប្រកាសនាំចូលកាលពីថ្មីៗនេះ៕