(មីឡាន)៖ ក្រុមកំពូលតារាង Serie A បច្ចុប្បន្ន AC Milan បានផ្តល់កិច្ចសន្យាដល់កីឡាករខ្សែប្រយុទ្ធ Mario Mandzukic រហូតដល់ចប់រដូវកាលឆ្នាំ២០២០-២០២១ នេះ។

AC មិនបានចំណាយលុយទិញកីឡាករក្រូអាតខាងលើនេះឡើយ នៅក្រោយពេលរូបគេពុំមានក្លិបណាលេងឡើយ នៅពេលចាកចេញពីក្លិប Al Duhail ក្នុងលីគកំពូលកាតាកាលពីរដូវក្តៅមុន ជាមួយនឹងជម្រើសបន្តកិច្ចសន្យាថ្មីដូចទៅនឹង Zlatan Ibrahimovic នៅទឹកដី San Siro ទៀតដែរ។

ខ្សែប្រយុទ្ធ Mario Mandzukic ត្រូវបានគេចាត់ទុកថា ជាកីឡាករជោគជ័យ ១រូបដោយបានឈ្នះពាន UEFA Champions League ជាមួយក្លិប Bayern Munich កាលឆ្នាំ២០១៣ និងឈ្នះពាន Serie A ចំនួន ៤លើកជាមួយសេះបង្កង់ Juventus នៅអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ មុនពេលផ្ទេរទៅលីគកំពូលអេស្ប៉ាញ La Liga ក្នុងក្លិប Atletico Madrid។

Mandzukic ក៏រកបាន ១គ្រាប់ផងដែរនៅពេលក្រុមជម្រើសជាតិក្រូអាតចាញ់បារាំង ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ។

ក្រោយពីចុះកិច្ចសន្យារួច Mario Mandzukic បានថ្លែងប្រាប់ Sky Sport Iltalia ថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានលេងរួមក្រុមជាមួយ Zlatan Ibrahimovic ដែលមានវ័យ ៣៩ឆ្នាំទៅហើយនោះ។ ពួកយើងទាំង ២នាក់មិនខ្លាចគូប្រកួតណាទាំងអស់ពេលនេះ»