(ចិន)៖ ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok ថ្មីៗនេះបានដាក់ឱ្យដំណើរការនូវ សេវាកម្មទូទាត់ប្រាក់ តាមទូរស័ព្ទ ដែល មានឈ្មោះថា Douyin Pay (TikTok Pay) ដើម្បីពង្រីកអាជីវកម្ម E-commerce នៅក្នុងប្រទេសចិន ហើយគ្រោងនឹងដាក់ឱ្យប្រើ នៅលើ ទីផ្សារសកលផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មទូទាត់ប្រាក់ តាមទូរស័ព្ទ ដែលមានឈ្មោះថា Douyin Pay ត្រូវបានក្រុមហ៊ុន ByteDance ដាក់ឱ្យប្រើនៅក្នុងប្រទេសចិន ដោយសារតែទីផ្សារ E-commerce នៅចិនកំពុងតែរីកលូតលាស់ខ្លាំងបំផុត ដោយប្រជាពលរដ្ឋចិនគ្រប់រូបធ្វើការទូទាត់ប្រាក់តាមអនឡាញ ឬតាមទូរស័ព្ទដៃស្ទើរគ្រប់គ្នា។

«ការបង្កើតឡើងនូវសេវាកម្មទូទាត់ប្រាក់ តាមទូរស័ព្ទ ដែលមានឈ្មោះថា «Douyin Pay គឺវាជាការបន្ថែមជម្រើសថ្មី និងបង្កើននូវភាព ងាយស្រួលសម្រាប់ ពលរដ្ឋចិន ជាមួយនឹងបទពិសោធន៍ថ្មី ដែលពោរពេញដោយសមត្ថភាពខ្ពស់»។ នេះជាសំដីរបស់ក្រុមហ៊ុន ByteDance បានថ្លែងប្រាប់សារព័ត៌មាន Reuters ។

អ្នកប្រើប្រាស់ជាប្រចាំថ្ងៃនូវកម្មវិធី Douyin (TikTok) នៅក្នុងប្រទេសចិន មានរហូតដល់ ៦០០លាននាក់ ដូច្នេះការដាក់ឱ្យប្រើប្រាស់ មុខងារ Douyin Pay អាចនឹងទទួលបានជោគជ័យច្រើន។

ក្រុមហ៊ុន ByteDance ត្រូវបានគេដឹងថា បានទិញក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ប្រាក់តាមទូរស័ព្ទដៃ Wuhan Hezhong Yibao Technology Co កាលពីឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលក្រុមហ៊ុនមួយនេះទទួលបានអាជ្ញាប័ណ្ណក្នុងការ បង្កើតសេវាកម្ម ទូទាត់ប្រាក់តាមទូរស័ព្ទដៃតាំងពីឆ្នាំ២០១៤ ៕