(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមវិសាខា នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះក្នុងជំនួបពានរង្វាន់សប្បុរសធម៌ Siem Reap Charity Cup 2021 នៅកីឡដ្ឋាន SRU ខេត្តសៀមរាប។

នេះគឺជាការប្រកួតលក្ខណៈមិត្តភាព និងកម្ដៅសាច់ដុំមួយ សម្រាប់ត្រៀមរដូវកាលថ្មី។ ប៉ុន្ដែអ្នកគាំទ្រហាក់មានការចាប់អារម្មណ៍ខ្លាំង ចំពោះជំនួបរវាងក្រុមខ្លាំងទាំងពីរ ដែលទើបនាំចូលកីឡាករមានបទពិសោធជោគជាំមកពីអឺរ៉ុបដូចគ្នា។

អ្វីដែលពិសេស គឺអ្នកគាំទ្រចង់ឃើញការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែការពារសញ្ជាតិអៀរឡង់ Paddy Barrett ដែលធ្លាប់លេងក្របខណ្ឌ Europa League និងខ្សែប្រយុទ្ធទើបបង្ហាញ Miguel Ángel Junco Martínez (Mika) ដែលធ្លាប់លេងនៅ Copa Del Rey របស់ក្លិបស្វាយរៀង ព្រមទាំងខ្សែប្រយុទ្ធចំណូលថ្មីវិសាខា Marcus Haber អតីតកីឡាករជម្រើសជាតិកាណាដា និងក្លិបលីគកំពូលអង់គ្លេស West Bromwich Albion។

ទោះបីនេះជាការប្រកួតលក្ខណៈមិត្តភាព ប៉ុន្ដែអ្នកគាំទ្ររំពឹងថា ក្រុមលំដាប់កំពូលកម្ពុជាទាំងពីរ នឹងធ្វើឲ្យកក្រើកសមរភូមិវាលស្មៅ មិនចាញ់ការប្រកួតផ្លូវការឡើយ។ លើសពីនេះ អ្នកគាំទ្រក៏ទន្ទឹងរង់ចាំការបង្ហាញខ្លួនជាថ្មីរបស់ខ្សែបម្រើ-ការពារកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ជាមួយមិត្តរួមក្រុមផ្សេងទៀត ដែលធ្លាប់ពួតដៃគ្នាជួយក្រុមជម្រើសជាតិកម្ពុជាផងដែរ។

សម្រាប់ការប្រកួតថ្ងៃនេះ ក្រុមទទួលបានជ័យជម្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយឈរចាំបេក្ខភាព ១ក្រុមទៀត រវាងក្រុមម្ចាស់ទឹកដីអង្គរថាយហ្គឺរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលបានចាប់ផ្ដើមជួបគ្នា នៅថ្ងៃទី២១ ខែមករាស្អែក។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនាថ្ងៃទី២៤ ខែមករាខាងមុខ នៅកីឡដ្ឋាន SRU តែមួយគត់។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សប្បុរសធម៌ Siem Reap Charity Cup 2021 ចំពោះថវិកាទទួលបានពីការរៀបចំនេះ មួយផ្នែកនឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ហើយមួយផ្នែកទៀត នឹងយកទៅបំផុសកម្មភាពបាល់ទាត់ក្នុងខេត្តសៀមរាប តាមរយៈការរៀបចំកម្មវិធី Football Clinic នៅទីនោះ៕