(អាមេរិក)៖ ក្រុមការងាររបស់បណ្តាញសង្គម-វីដេអូ YouTube ដែលជាកម្មវិធីរបស់ក្រុមហ៊ុន អាល់ហ្វាប៊ែត (Alphabet Inc) និងមាន Google នៅក្នុងនោះផងដែរ បានសម្រេចបន្តផ្អាក Channel YouTube របស់លោក ដូណាល់ ត្រាំ មិនឲ្យបង្ហោះវីដេអូ ឬឆ្លើយតបការបញ្ចេញមតិយោបល់ សម្រាប់រយៈពេលមួយសប្តាហ៍ទៀត ដោយគិតចាប់ពីថ្ងៃទី២០ ខែមករាតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

ការសម្រេចចិត្តនៅថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានក្រុមការងារ YouTube អះអាងថា ត្រូវបានធ្វើឡើងដោយយោងទៅលើ «ការព្រួយបារម្ភដែលនៅតែមាន ចំពោះការផ្ទុះអំពើហិង្សា»។ លោក ដូណាល់ ត្រាំ នឹងចាកចេញពីសេតវិមាននៅព្រឹកថ្ងៃពុធ ទី២០ ខែមករា (ពេលវេលានៅវ៉ាស៊ីនតោន) ចំពេលដែលលោក ចូ បៃដិន ត្រូវស្បថឡើងកាន់តំណែង។ លោក ត្រាំ ត្រូវបានគេដឹងរួចហើយថា លោកនឹងមិនទៅចូលរួម ពិធីស្បថឡើងកាន់តំណែងរបស់លោក បៃដិន ឡើយ។

គួរបញ្ជាក់ថា នៅក្នុងខ្សែវីដេអូលាគ្នា ដែលត្រូវបានបង្ហោះនៅក្នុង Channel YouTube របស់សេតវិមាន លោក ដូណាល់ ត្រាំ ក៏បានថ្កោលទោសផងដែរ ចំពោះបណ្តាញសង្គមអាមេរិក ដែលបានបិទខ្ទប់ការបញ្ចេញមតិយោបល់ និងតស៊ូមតិ។

គណនីរបស់លោក ដូណាល់ ត្រាំ នៅលើ YouTube ត្រូវបានក្រុមហ៊ុនគ្រប់គ្រង លើបណ្តាញសង្គម-វីដេអូធំជាងគេលើលោកមួយនេះ សម្រេចផ្អាកមួយសប្តាហ៍ កាលពីថ្ងៃទី១២ ខែមករា ក្រោយពីអំពើហិង្សាបានផ្ទុះឡើង នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៦ ខែមករា ដែលបានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និងស្របពេលដែលមានការភ័យខ្លាចថា អំពើហិង្សាបន្ថែមទៀតនឹងផ្ទុះឡើង ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ៕