(បាសេឡូណា)៖ Lionel Messi នឹងខកខាន ២ប្រកួតពេល FC Barcelona ប៉ះ Cornella នៅពាន Copa del Rey និង Elche ក្នុងពានលីគកំពូលអេស្ប៉ាញ La Liga ដោយសារជាប់បម្រាមពិន័យកាតក្រហមកាលថ្ងៃអាទិត្យនៃវគ្គផ្តាច់ព្រ័ត្រ Super Cup 2021។

តែយ៉ាងណាប្រធានក្រុមអាហ្សង់ទីនខាងលើនេះ នឹងអាចវិលជួយ Barcelona បានវិញ ដែលត្រូវប្រឈមមុខជាមួយនឹងកីឡាករ Vilalibre ម្តងទៀតពេលប៉ះ Atletic Bilbao នៅចុងខែមករា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ La Liga។

ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Messi ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF ចេញសេចក្តីសម្រេចព្យួរជើង ២ប្រកួតកាលពីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលមិញជុំវិញការបង្កកំហុសរហូតទទួលបានកាតក្រហម នៅនាទីទី១១៩ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Spanish-Super Cup ដែលចាញ់គូប្រជែង Atletic Bilbao ៣-២ ក្នុងនាទីបន្ថែមកាលសប្តាហ៍មុន។

Messi ទើបតែទទួលបានកាតក្រហមម្តងគត់ ក្នុងការលេងឲ្យក្លិបអ្នកមានបុណ្យ FC Barcelona ជិត ២០ឆ្នាំមកនេះ ជាមួយនឹងកាតក្រហម ២ផ្សេងទៀតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន នៅអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៩៕