(ញ៉ូវដេលី)៖ ក្រសួងបច្ចេកវិទ្យាឥណ្ឌា បានស្នើដល់ក្រុមហ៊ុន WhatsApp ឱ្យដកគោលការណ៍ ឬបទប្បញ្ញត្តិថ្មីរបស់ខ្លួន ដែល តម្រូវឱ្យ មានការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹង Facebook ដែលបទប្បញ្ញត្តិថ្មីនេះត្រូវបានប្រកាសកាលពីដើម ខែ មករា។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

យោងតាមសំណើបានបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍របស់ WhatsApp វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ នៅ ក្នុង ប្រទេសឥណ្ឌា ជាពិសេសគឺវាអាចបង្កជាហានិភ័យណាមួយ ដោយសារតែការចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយ នឹង បណ្ដាញសង្គម Facebook គឺជារឿងដែលរំលោភសិទ្ធិឯកភាព។

ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន បានផ្ញើលិខិតទៅកាន់ លោក Will Cathcart នាយកប្រតិបត្តិ WhatsApp ឱ្យពិចារណា ឡើងវិញនូវ ការដាក់ចេញបទប្បញ្ញត្តិថ្មីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ សុវត្ថិភាព និងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ ដូច្នេះ រដ្ឋាភិបាល ស្នើឱ្យដកបទប្បញ្ញត្តិនេះចេញ បើមិនដូច្នេះទេ ឥណ្ឌានឹងអនុវត្តតាមវិធានការនៃច្បាប់។

ពាក់ព័ន្ធនឹងករណីនេះផងដែរ នៅប្រទេសតួកគីបានប្រតិកម្មយ៉ាងខ្លាំង រហូតដល់ Facebook បានប្រកាសថានឹងបើកការិយាល័យ នៅក្នុងប្រទេសតួកគី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន WhatsApp មានអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ចំនួន ៤០០លាននាក់ ហើយក៏ជា កន្លែង ដែល WhatsApp អាចរកចំណូលបានច្រើនពីមុខងារសេវាកម្មទូទាត់ប្រាក់តាមអនឡាញផងដែរ៕