(បរទេស)៖ បើគេនៅចាំមិនភ្លេចទេ កាលពីឆ្នាំមុន ខ្សែភាពយន្តរបស់កូរ៉េ «Parasite» បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ដោយបានក្លាយជាខ្សែភាពយន្តនិយាយភាសាបរទេសដំបូង ឈ្នះពានរង្វាន់អូស្ការផ្នែក «រូបភាពល្អបំផុត» ខណៈផលិតកររឿងនេះផ្ទាល់ គឺលោក Bong Joon Ho ទទួលបានពានដល់ទៅ៤ក្នុងព្រឹត្តិការណ៍នោះ។

យ៉ាងណាមិញ ក្នុងឆ្នាំ២០២១នេះ ត្រូវបានគេរាយការណ៍ថា មានខ្សែភាពយន្តចំនួន២៥រឿង នៅអាស៊ីបានបញ្ចូនឲ្យចូលរួមប្រកួតប្រជែង យកពានរង្វាន់ផ្នែកភាពយន្តក្នុងកម្មវិធី «ពានរង្វាន់អូស្ការ»។ ក្នុងនោះ ខ្សែភាពយន្ត ផលិតដោយផលិតករដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ គឺ Naomi Kawase និង Peter Chan Ho-sun ក៏ត្រូវបានដាក់ចូលរួមប្រកួតផងដែរ។

កន្លងទៅបណ្តាប្រទេសនៅតំបន់អាស៊ីបានឈ្នះពានរង្វាន់ ផ្នែកខ្សែភាពយន្តបរទេសល្អបំផុត ចំនួន១២ដង ក្នុងនោះភាពយន្តរបស់ជប៉ុនលើកពានរង្វាន់ចំនួន៤ដង។ ជាក់ស្តែង កាលពីសប្តាហ៍មុន មានសេចក្តីប្រកាសថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ពានរង្វាន់នេះ មានការសម្រឹតសម្រាំងខ្សែភាពយន្តចន្លោះពី១០ទៅ១៥ ដើម្បីប្រកួតប្រជែងយកពានរង្វាន់។

មុននឹងបណ្ឌិតសភារៀបចំកម្មវិធីអូស្ការ បញ្ចេញបញ្ជីខ្សែភាពយន្តនៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខ គេហទំព័រ msn បានស្រង់យករឿង ដែលត្រូវបានដាក់ស្នើសម្រាប់ពានរង្វាន់រួចរាល់ នៅអាស៊ីចំនួន១០ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានពានរង្វាន់អូស្ការ នៅឆ្នាំ២០២១នេះ៖

*ទី១៖ រឿង «Asia» របស់អ៊ីស្រាអែល ដឹកនាំដោយផលិតករ Ruthy Pribar


*ទី២៖ រឿង «Better Days» របស់ហុងកុង ដឹកនាំដោយផលិតករ Derak Tsang


*ទី៣៖ រឿង «Broken Keys» របស់លីបង់ ដឹកនាំដោយផលិតករ Jimmy Keyrouz


*ទី៤៖ រឿង «Jallikattu» របស់ឥណ្ឌា ដឹកនាំដោយផលិតករ Lijo Jose Pellissery


*ទី៥៖ រឿង «Leap» របស់ចិន ដឹកនាំដោយផលិតករ Peter Chan Ho-sun


*ទី៦៖ រឿង «Lunana» ដឹកនាំដោយផលិតករ Pawo Choyning Dorji


*ទី៧៖ រឿង «The Man Standing Next» របស់កូរ៉េខាងត្បូង ដឹកនាំដោយផលិតករ Woo Min-ho


*ទី៨៖ រឿង «A Sun» របស់តៃវ៉ាន់ ដឹកនាំដោយផលិតករ Chung Mong-hong


*ទី៩៖ រឿង «The Sun» របស់អ៊ីរ៉ង ដឹកនាំដោយផលិតករ Majid Majidi


*ទី១០៖ រឿង «True Mothers» របស់ជប៉ុន ដឹកនាំដោយផលិតករ Naomi Kawase៕