(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជំរុញមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្ដ្រី បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ។

បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៦ថ្ងៃ លោកបណ្ឌិត ថោង ខុន ធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ក្នុងការបង្ហាញសមត្ថភាព និងឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទាំងសមត្ថភាព និងកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ។

ប៉ុន្ដែដើម្បីធានានូវគុណផលកម្រិតខ្ពស់ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីម្នាក់ៗ លោកបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្ដការខិតខំបន្ថែមទៀត ពិសេសត្រូវសម្រេចរាល់ភារកិច្ចការងារយ៉ាងហោចពី ៧០ ទៅ ៨០% ក្នុងឆ្នាំ២០២១ ទាំងការងារអាជ្ញាកណ្ដាល ចៅក្រម និងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីជាដើម ដើម្បីឆ្ពោះទៅរកភាពជោគជ័យតាមផែនការ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងដែរថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២០ នេះ បានរៀបចំរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៤-១៩ ខែមករា ដោយមានកីឡាករ-កីឡាការិនី ៦៤នាក់ មកពី ៤រាជធានី-ខេត្តចូលរួម ហើយប្រកួតលើវិញ្ញាសា ២ធំៗរួមមានវិញ្ញាសាអាអេរ៉ូប៊ិក និងវិញ្ញាសាអាទិស្ទិក។

ជាលទ្ធផលបច្ចេកទេសក្នុងការប្រកួតឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានបង្ហាញភាពខ្លាំងឡើងទៅឈរលេខ១ ក្រោយដណ្ដើមបានមេដាយមាស៤ ប្រាក់៥ និងសំរឹទ្ធ៣ ខណៈក្រសួងមហាផ្ទៃបានធ្លាក់មកឈរលេខ២ ដណ្ដើមបានមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៦។ រីឯខេត្តក្រចេះ ដែលឈរលេខ២ ឆ្នាំមុន បានធ្លាក់មកឈរលេខ៣ ដណ្ដើមបានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ៤៕