(ភ្នំពេញ)៖ ម្ចាស់ជយលាភីគ្រងមកុដ «Miss Grand Cambodia» ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា បានប្រកាសនៅថ្ងៃនេះថា នាងនឹងលាលែងពីតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ បន្ទាប់ពីមានរឿង ដ៏ចម្រូងចម្រាសមួយចំនួន ដែលនាងមិនអាចទទួលយកបាន ជាមួយនឹងក្រុមហ៊ុនរៀបចំកម្មវិធី ពោលគឺក្រុមហ៊ុនផលិតកម្ម មហាហង្ស ដែលមានលោក អ៉ិន សុភិន ជាអ្នកគ្រប់គ្រង។

បងស្រីបង្កើតរបស់កញ្ញា សេង រដ្ឋា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា បន្ទាប់ពីមានរឿងរ៉ាវជាច្រើន បានកើតឡើងទៅលើកញ្ញា សេង រដ្ឋា ដែលត្រូវជាប្អូនស្រីរបស់ខ្លួន តាំងពីចាប់ផ្តើមរៀបចំការប្រកួត រហូតដល់ការប្រកួតត្រូវបានបញ្ចប់ នឹងរហូតមកដល់ពេលនេះ បានធ្វើឲ្យប្អូនស្រីរបស់ខ្លួន ទទួលយកមិនបាននូវរឿង រ៉ាវមួយចំនួន ហើយក៏សម្រេចចិត្ត នឹងមិនបន្តយកតំណែងជយលាភីមួយនេះទៀតឡើយ។

មូលហេតុចម្បងៗមួយចំនួនត្រូវបានបងស្រីរបស់កញ្ញា សេង រដ្ឋា អះអាងត្រួសៗមកថា ដោយសារតែថ្មីៗនេះក្រុមហ៊ុន មហាហង្ស បានបញ្ចេញសារបរិហាកេរ្តិ៍លើកញ្ញា សេង រដ្ឋា ដែលខុសពីការពិតមិនអាច ទទួលយកបាន។ ជាមួយគ្នានេះ បញ្ហាប្រាក់រង្វាន់ និងបញ្ហាផ្សេងៗ មួយចំនួនទៀត ដែលធ្វើឲ្យម្ចាស់សាមីខ្លួនមានការអាក់អន់ស្រពន់ ចិត្ត និងមានរឿងដែលមិនអាចរកដំណោះស្រាយបាន រហូតដល់ថ្នាក់មានលិខិតអញ្ជើញ ឲ្យ ចូលខ្លួនដោះស្រាយ ខណៈដែលចំណុចនេះកាន់តែធ្ងន់ធ្ងរឡើងៗសម្រាប់រូបនាង។

បងស្រីរបស់កញ្ញា សេង រដ្ឋា ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងទៀតថា ប្អូនស្រីរបស់ខ្លួននឹងត្រៀមធ្វើសន្និសីទកាសែតមួយ ដើម្បីបកស្រាយឲ្យមហាជនអស់ការសង្ស័យនិងដឹងការពិត ហើយកម្មវិធីសន្និសីទនោះ អាចនឹងធ្វើរួមគ្នាជាមួយនឹងសន្និសីទរបស់ផលិតកម្ម មហាហង្ស ដោយមានការប្រគល់តំណែងមកុដឲ្យដល់អ្នករៀបចំកម្មវិធីវិញ ក្នុងថ្ងៃនោះតែម្តង។

ដោយឡែកលោក អ៉ិន សុភិន បានថ្លែងនៅក្នុងផេកផ្លូវការរបស់ «Miss Grand Cambodia» នៅមុននេះបន្តិចថា «ក្រុមហ៊ុនសូមបកស្រាយជុំវិញរឿងរ៉ាវ លិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានផ្ញើជូន កញ្ញា សេង រដ្ឋា គឺមិនមែនបញ្ជា ឬស្នើសុំឲ្យគាត់ (សេង រដ្ឋា) លាលែងពីតំណែងនោះទេ ហើយដែលកញ្ញា សេង រដ្ឋា គាត់បានសរសេរលើបណ្តាញសង្គមថា ក្រុមហ៊ុនបរិហារកេរ្តិ៍ និង បានប្រកាសជាសាធារណៈ ឲ្យគាត់លាលែងពីតំណែងនោះ គឺខាងក្រុមហ៊ុនសូមធ្វើការបដិសេដទាំងស្រុង កន្លងមកមានផេកមួយចំនួន ដើម្បីចង់បានភាពល្បីល្បាញរបស់ខ្លួន បានយកឈ្មោះក្រុមហ៊ុនលេងសើច លើបណ្តាញសង្គម បំផុសបំផុល ផ្សាយព័ត៌មានដែលមែនជាការពិត ឲ្យប្រជាជនខ្មែរមើលមុខគ្នាមិនចំ ចោទក្រុមហ៊ុនថា មិនមានទំនួលខុសត្រូវលើកញ្ញា សេង រដ្ឋា ដែលបានប្រឡងចប់ហើយហេតុអ្វីមិនទទួលបានប្រាក់រង្វាន់?»

លោក អ៉ិន សុភិន បន្តទៀតថា «ក្រុមហ៊ុនសុំសួរទៅអ្នកទាំងអស់គ្នាវិញថា នៅពេលដែលភាគីខាងក្រុមហ៊ុន ធ្វើការកុងត្រាជាមួយនិងភាគីកញ្ញា សេង រដ្ឋា តើអ្នកទាំងអស់គ្នាបាននៅទីនោះដែរឬទេ? ក្រុមហ៊ុនបានធ្វើការកុងត្រា និងបាននិយាយផ្ទាល់ជាមួយកញ្ញា សេង រដ្ឋា រួចរាល់អស់ហើយ ទាល់តែកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិបានបញ្ចប់ ទើបខាងក្រុមហ៊ុនប្រគល់ប្រាក់រង្វាន់ជូនកញ្ញា សេង រដ្ឋា ព្រោះនេះជាគោលការណ៍ របស់ក្រុមហ៊ុន ជៀសវាងកំហុសខុសឆ្គងរបស់គាត់កើតឡើងនៅពេលណាមួយ គឺខាងក្រុមហ៊ុននឹងផ្ទេរតំណែងរបស់គាត់ ជូនទៅអ្នកជាប់លេខបន្ទាប់ពីគាត់ ប្រសិនអ្នកបន្ទាប់ធ្វើខុសលក្ខខណ្ខ របស់ក្រុមហ៊ុនទៀត គឺក្រុមហ៊ុនមានសិទ្ធដកតំណែងរបស់គាត់ ទៅអ្នកបន្តបន្ទាប់ទៀត ដូច្នេះប្រាក់រង្វាន់ក៏បានទៅអ្នកបន្ទាប់ដូចគ្នា ហើយអ្នកដែលបានក្រុមហ៊ុនដកតំណែង គឺមិនទួលបានប្រាក់រង្វាន់ឡើយ»

ដោយសារក្រុមហ៊ុនបានមើលឃើញថាកញ្ញា សេង រដ្ឋា ធ្វើខុសលក្ខខណ្ឌ នៅក្នុងកុងត្រារបស់ក្រុមហ៊ុនដែលបានចែងមួយចំនួន ទើបក្រុមហ៊ុនបានចេញលិខិតអញ្ជើញគាត់ មកកាន់ការិយាល័យរបស់ផលិតកម្មមហាហង្សផ្ទាល់ ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី វែកញែករកកំហុសរបស់គាត់ និងរបស់ក្រុមហ៊ុន បើគាត់បកស្រាយមកថា ក្រុមហ៊ុនមានកំហុសកន្លែងណាមួយ ដែលគាត់មិនពេញចិត្តធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់ គឺខាងក្រុមហ៊ុននឹងធ្វើការសុំទោសជាសាធារណៈ ប្រសិនបើក្រុមហ៊ុនបកស្រាយរាល់កំហុសរបស់កញ្ញា សេង រដ្ឋា ដែលបានធ្វើខុសនឹងលក្ខខណ្ឌ ប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដូចគ្នានោះ កញ្ញា សេង រដ្ឋា នឹងធ្វើការសុំទោសជាសាធារណៈដូចគ្នា។

ក្រុមហ៊ុន បានព្យាយាមសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែកញ្ញា សេង រដ្ឋា មិនបានផ្តល់កិត្តិយសជូនក្រុមហ៊ុនចូលខ្លួន ដើម្បីដោះស្រាយនោះទេ ប្រសិនជាកញ្ញា សេង រដ្ឋា បានប្រកាសលើបណ្តាញសង្គមសម្រេចលាលែងពីតំណែង គឺខាងក្រុមហ៊ុនសុំមិនទទួលដឹងឮឡើយ ព្រោះខាងក្រុមហ៊ុនមិនទាន់បាននិយាយអ្វីទាំងអស់ជាមួយគាត់នោះទេ៕