(អាមេរិក)៖ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ដោយសារតែបញ្ហាជំងឺរីករាលដាលកូវីដ-១៩ ដោយបានជះឥទ្ធិពលខ្លាំង ដល់ក្រុមហ៊ុនជាច្រើន រហូតមានក្រុមហ៊ុនខ្លះប្រកាសក្ស័យធន និងខ្លះទៀតសម្រេចចិត្តកាត់បន្ថយបុគ្គលិក ខណៈដែល ក្រុមហ៊ុន មួយ ចំនួន វិញ រកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹក។

Apple ជាក្រុមហ៊ុនមួយដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងច្រើនសន្ធឹកផងដែរ នៅក្នុងឆ្នាំ២០២០ បើទោះបីជា កូវីដ-១៩ បាន បង្ក ឱ្យមានផលប៉ះពាល់ដល់ពិភពលោក និង អាមេរិកក្ដី។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Apple បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ រកចំណូល បាន ២៧៤.៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះប្រាក់ចំណូលប្រតិបត្តិការមានចំនួន ៦៦.២ពាន់លានដុល្លារ និងប្រាក់ ចំណេញ សុទ្ធ មានចំនួន ៥៧.៤ពាន់លានដុល្លារអាមេរិក។

ត្បិតតែនៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូលខ្ពស់ក្ដី ប៉ុន្តែបើយើងធៀបទៅនឹងឆ្នាំ ២០១៩ គឺមានការកើនឡើងទាប ប៉ុណ្ណោះ ដោយកាលពីឆ្នាំ២០១៩ Apple រកចំណូលបានជាង ២៦០ពាន់លានដុល្លារ និងចំណេញសុទ្ធ ៥៥ពាន់ លានដុល្លារអាមេរិក។

ប្រាក់ចំណូល Apple នៅក្នុងឆ្នាំ ២០២០ ត្រូវបានគេដឹងថា បានមកពីការផ្ដល់សេវាកម្ម តាមអនឡាញ ស្ទើរតែពាក់កណ្ដាល ខណៈដែល កាលពីឆ្នាំ២០១៩ ប្រាក់ចំណូលភាគច្រើនបានមកពីការលក់ផលិតផល iPhone និង iPad ជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេ ខណៈដែលគិតត្រឹមឆ្នាំ២០២០ មាន Store នៅជុំវិញពិភពលោករហូតដល់ ៥១០កន្លែង ក្នុងចំណោម ២៥ប្រទេស និងមានបុគ្គលិកសរុប ១៤៧០០០នាក់ ៕