(ភ្នំពេញ)៖ ជីប ម៉ុង លែន និងជីប ម៉ុង រីថែល បានប្រកាសក្នុងសន្និសីទព័ត៌មាន កាលពីចុងសប្តាហ៍មុនថា នឹងមានវត្តមានមណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ក្នុងគម្រោង ផាក លែន ៦A ដែលគ្រោងនឹងបើកលក់ជាផ្លូវការនៅថ្ងៃទី២២ មករា ខាងមុខនេះ។

ជីប ម៉ុង លែន តែងឈរលើគោលជំហរ គឺផ្ដល់លទ្ធភាព ទទួលបានមុខងារដ៏សម្បូរបែប ដូចជា ការជួបជុំកម្សាន្ត ការទិញទំនិញប្រើប្រាស់ ដែលបំពេញបានគ្រប់តម្រូវការរបស់លោកអ្នក ក្នុងយុគសម័យថ្មីនៃការរស់នៅ ជូនដល់អតិថិជន។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា ជីប ម៉ុង លែន នឹងសហការជាមួយ ជីប ម៉ុង រីថែល ដើម្បីនាំយកបទពិសោធន៍រស់នៅដ៏ស៊ីវីល័យ និងការទិញទំនិញ ដែលមានអ្វីៗគ្រប់យ៉ាងនៅគម្រោង ផាក លែន ៦A។

លោកឧកញ៉ាបញ្ជាក់បន្ថែមថា៖ «ផាក លែន ៦A អាចបំពេញតម្រូវការនៃការរស់សម្រាប់ប្រជាពលរដ្ឋសម័យទំនើបបាន ដោយគម្រោងនេះមានផ្សារទំនើប សម្រាប់ទាំងពលរដ្ឋរស់នៅក្នុងគម្រោង និងពលរដ្ឋរស់នៅក្នុងតំបន់ជ្រោយចង្វារ អាចទិញទំនិញ មកទទួលទានអាហារ ភេសជ្ជៈ និងកាហ្វេ និងរីករាយនឹងការកម្សាន្តដ៏សម្បូរបែប»

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud DURFRESNE បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីប ម៉ុង លើផ្លូវជាតិលេខ ៦A និងក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំបំផុតមួយ និងជាកន្លែងប្រមូលផ្តុំមួយដ៏សំខាន់ ដែលមានហាងលក់ទំនិញ រោងភាពយន្ត ហាងកាហ្វេទំនើប ហាងលក់សម្លៀកបំពាក់ កន្លែងញុំាអាហារ និងកន្លែងកម្សាន្តជាច្រើនទៀតផងដែរ»

គួរបញ្ជាក់ថា ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល បានចាប់ដៃគូសហការ ដើម្បីអភិវឌ្ឍន៍មណ្ឌលផ្សារទំនើបជាច្រើននៅគម្រោងរបស់ ជីប ម៉ុង លែន រួមមាន មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ មណ្ឌលផ្សារទំនើបសហគមន៍ ជីប ម៉ុង ៥៩៨ ជាដើម៕