(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា (Volleyball Federation of Cambodia) បានបើកការប្រកួតមិត្តភាពជាតិមួយ ដើម្បីអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២១ ដែលមានសមាសភាពក្រុមខ្លាំងៗចំនួន៥ ចូលរួមផងដែរ។

ការប្រកួតនេះដែរបានចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះវិសាខា (ហ្គ្រេនភ្នំពេញ) រាជធានីភ្នំពេញតែមួយគត់។

យុទ្ធនាការនេះដែរ គឺមានការចូលរួមប្រកួតពីសំណាក់ក្លិបបាល់ទះវិសាខា, ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, ក្លិបក្រសួងមហាផ្ទៃ និងក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ២លានរៀលទៀតផង ក្រៅពីពានប្រចាំព្រឹត្តិការណ៍ផងនោះ។

ពានរង្វាន់លក្ខណៈមិត្តភាពជាតិ ដើម្បីអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា គឺបានរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា (Volleyball Federation of Cambodia) រួមសហការជាមួយក្រុមហ៊ុន Forward ក្នុងការផ្តល់ឱកាសដល់កីឡាករទាំង ៥ក្រុមបង្ហាញសមត្ថភាព ដើម្បីមានឱកាសជាប់ជម្រើសជាតិ តំណាងឲ្យជាតិចេញប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ៕