(ភ្នំពេញ)៖ កាន់តែថ្មី និងប្លែកអារម្មណ៍ទៀតហើយ សម្រាប់អ្នកគាំទ្ររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ខណៈនៅស្អែកនេះអ្នកទាំងពីរនឹងរួមគ្នាបញ្ចេញអាល់ប៊ុមដំបូងបង្អស់ ជាមួយនឹងបទចម្រៀងពីរោះៗជាច្រើនបទ។

ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra នឹងច្រៀងរួមគ្នាជាមួយតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្នុងអាល់ប៊ុមថ្មីដំបូងបង្អស់របស់ខ្លួន។ ជាពិសេសការទន្ទឹងរង់ចាំរបស់មហាជននោះនឹងចេញលទ្ធផលថ្ងៃស្អែកនេះ។

តាមការបង្ហើបពី អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus ឲ្យដឹងថា បទ ចម្រៀងដែល លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទ សីម៉ា មានចំណងជើងថា «កាត់ឆុង» ជាបទប្រភេទញាក់កន្ត្រាក់អារម្មណ៍។

ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម Galaxy Navatra បានថត MV ចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះ លើឆាណែលយូធូបរបស់ខ្លួននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ស្អែកនេះតែម្ដង។ ជាពិសេស ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀងមានសមត្ថភាពខ្ពស់ ទើបជាដៃគូលោក ព្រាប សុវត្ថិ ខណៈ តន់ ច័ន្ទសីម៉ា វិញត្រូវបានគេចាត់ទុកថា ក៏ជាតារាចម្រៀងវ័យក្មេងមានសមត្ថភាពខ្ពស់ផងដែរ ។

តាមទិន្នន័យរបស់ផលិតកម្ម Galaxy Navatra បញ្ជាក់ ចុងឆ្នាំនេះ តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង ៥០០លានដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើ តន់ ច័ន្ទសីម៉ា មានឱកាសត្រូវបាន លោក ព្រាប សុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតក្នុងអាល់ប៊ុមថ្មី។

បងប្អូនដឹងហើយថា ព្រាបសុវត្ថិ គឺជាកំពូលតារាចម្រៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាង នៅពេលចាប់ដៃគូជាមួយនរណាម្នាក់ តែលេចធ្លោជានិច្ច តែតន់ ច័ន្ទសីម៉ា វិញក៏មិនណយដែរ ខ្លាំងរហូតគ្មានគូប្រៀប ក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើបទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេសទៅ?