(អាមេរិក)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia បានហក់ឡើងភ្លាមៗ ក្រោយពេលសារព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple បានចាប់យក Kia ធ្វើជាដៃគូផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
សារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group បានសម្រេចចិត្ត ឱ្យ ក្រុមហ៊ុន Kia ដែល ជាបុត្រសម្ព័ន្ធរបស់ខ្លួន ទទួលបន្ទុក និងធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ដែលត្រូវបានគេដឹងថា ជាក្រុមហ៊ុន Apple ដែលនាំឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Kia កើនឡើង ២០ភាគរយ។
ប្រភពព័ត៌មានក្នុងស្រុកជាច្រើនបានផ្សាយថា ក្រុមហ៊ុន Hyundai បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុន Apple កាលពីដើមខែ នេះ ដែល ក្នុង កិច្ចពិភាក្សានោះ ត្រូវបានអ្នកឃ្លាំមើល និងមហាជននិយាយថា គឺពាក់ព័ន្ធនឹង គម្រោងផលិតរថយន្តរបស់ក្រុមហ៊ុន Apple ខណៈដែល ពុំមានព័ត៌មាន ឬសេចក្ដីប្រកាសជាផ្លូវការណ៍ណាមួយ ចេញដោយក្រុមហ៊ុនទាំងពីរនេះទេ។
គួរបញ្ជាក់ផងដែរថា សារព័ត៌មាន Reuters បានចេញផ្សាយកាលពីថ្មីៗថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម ផលិត រថយន្តនៅដើមឆ្នាំ២០២៤ និងក្រោយមកទៀតក៏លេចធ្លាយព័ត៌មាន Apple ទទួលបានប៉ាតង់ពាក់ព័ន្ធនឹងការរចនា និងផលិតរថយន្ត ពីនិយតករអាមេរិក៕