(តូរីន)៖ ក្រុមសេះបង្កង់ Juventus បានគ្រប់គ្រងពាន Italian-Super Cup 2021 ក្រោយយកឈ្នះគូប្រជែងពពកស Napoli ក្នុងលទ្ធផល ២-០ នៅពេលដែល Cristiano Ronaldo រកបាន ១គ្រាប់ក្លាយជាកីឡាកររកបានគ្រាប់ស៊ុតច្រើនជាងគេក្នុងអាជីពបាល់ទាត់។
១គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ខាងលើនេះកើតឡើងនៅនាទី៦៤ ដើម្បីកើនគ្រាប់ស៊ុតសរុបដល់ទៅ ៧៦០គ្រាប់វ៉ាកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធឆេកកាត់អូទ្រីស Josef Bican ដែលរកបាន ៧៥៩គ្រាប់នៅចន្លោះឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៥៥ គ្រាដែល Pele រកបាន ៧៥៧គ្រាប់ឈរនៅលេខ៣ និងខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi ឈរនៅលេខ៤ រកបាន ៧៤២គ្រាប់។
CR7 ខកខានរកគ្រាប់បាល់ក្នុងប្រកួតដែល Juventus ចាញ់ម្ចាស់ផ្ទះ Inter Milan ២-០ នៅ Serie A កាលសប្តាហ៍មុន ដែលធ្វើឲ្យក្រុមការពារតំណែងជើងឯកមួយនេះធ្លាក់ដល់លេខ៥ មាន៣៣ពិន្ទុ ដាច់ឆ្ងាយពីក្រុមកំពូលតារាង AC Milan ដល់ទៅ ១០ពិន្ទុឯណោះ។
ក្នុងប្រកួតនៅនារាត្រីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នោះដែរ ខ្សែប្រយុទ្ធមាឌតូច Lorenzo Insigne ក៏មានឱកាសរកគ្រាប់តាមស្មើដោយបាល់ ១១ម៉ែត្រផងដែរ តែទាត់អត់ចូលនៅពេលកីឡាករបម្រុង Alvaro Morata ធ្វើបានគ្រាប់ទី២ ឲ្យសេះបង្កង់នៅនាទី ៩០+៥ ទៅហើយនោះ៕