(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានទទួលការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition នូវទឹកប្រាក់ចំនួន ២០,៧០០ដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលនឹងធ្វើឡើង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ នៅខេត្តសៀមរាប ។

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងសប្ដាហ៍នេះថា Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក ដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ ហើយមានកីឡាករល្បីៗជាច្រើនលើពិភពលោក បានប្រើប្រាស់ផលិតផលនេះ សូម្បីតារាបាល់ទាត់ Cristiano Ronaldo ផងដែរ។

ហេតុនេះ លោកស្រីបានបង្ហាញសេចក្ដីរីករាយ ចំពោះការក្លាយជាដៃគូឧបត្ថម្ភដល់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីរួមចំណែអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ម្យ៉ាងក្រៅពីឧបត្ថម្ភផ្ដាច់មុខដល់ការប្រកួតជើងឯកថ្នាក់ជាតិចុងសប្ដាហ៍នេះ លោកស្រីក៏សង្ឃឹមថា នឹងក្លាយជាដៃគូសហការយូរអង្វែងជាមួយសហព័ន្ធផងដែរ។

ជាមួយកិច្ចសហការនេះដែរ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដែលបានឧបត្ថម្ភក្នុងដំណើរការប្រកួតជើងឯកថ្នាក់ជាតិ និងការបើកភ្លើងខៀវ បន្ដការគាំទ្រយូរអង្វែងទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសកីឡាករ-កីឡាការិនី ក្នុងការពង្រឹងសមត្ថភាព និងកាយសម្បទា តាមរយៈការប្រើប្រាស់ផលិតផល Herbalife Nutrition ផ្ទាល់តែម្ដង។

លោកបន្ដថា «ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នេះ សហព័ន្ធផ្ដោតលើគោលដៅសំខាន់ ២ ទី១-អនុវត្តផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ មានការឯកភាពពីឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រធានសហព័ន្ធ បានដាក់ចេញ គឺថាយើងត្រូវពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំ ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្ដរជាតិផ្សេងៗ»

(ទី២-គោលដៅសំខាន់របស់សហព័ន្ធនោះ គឺតាមរយៈការប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនីពីគ្រប់រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេពកោសល្យ ចំណេះដឹង និងជំនាញ ដូច្នេះការប្រកួតនេះ ក៏ដូចជាបានបង្ហាញពីការវិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ» ។ លើសពីនេះ សហព័ន្ធក៏នឹងសម្លឹងរកអ្នកមានសមត្ថភាពត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះផងដែរ។

សូមញ្ជាក់ថា៖ Herbalife Nutrition គឺជាអាហារូបត្ថម្ភលំដាប់ពិភពលោក ដែលមានគុណភាពខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស អ្នកចែកចាយឯករាជ្យការដែលផ្តល់ជូនបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតអតិថិជនប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អទៀតផង៕