(ចិន)៖ មហាសេដ្ឋីមាឌល្អិតរបស់ចិន លោក Jack Ma បានបាត់ខ្លួនប្រមាណជិត ៣ខែ ក្រោយពេលដែលលោក បានថ្លែងសារវាយប្រហារដល់ប្រព័ន្ធច្បាប់របស់ចិន និងទើបតែបង្ហាញខ្លួនឡើងវិញតាមរយៈវីដេអូ Conference និងបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ហក់ឡើង៥ភាគរយភ្លាមៗផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពេលលោក Jack Ma បង្ហាញខ្លួនតាមរយៈវីដេអូ Conference ប្រមាណជា៥០វីនាទី ក្នុងការចូលរួមប្រជុំជាមួយនឹងគ្រូបង្រៀនប្រមាណ១០០នាក់ ស្រាប់តែភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានហក់ឡើង៥ភាគរយ។
ដើម្បីឱ្យកាន់តែច្បាស់ថា លោក Jack Ma ពិតជាបានចូលរួមប្រជុំ ជាមួយនឹងក្រុមគ្រូបង្រៀនមែននោះ អង្គការមូលនិធិ Jack Ma Foundation បានចេញសេចក្ដីប្រកាសជាផ្លូវការមួយថា លោក Ma ពិតជាបានចូលរួមនៅក្នុងកិច្ចប្រជុំមួយ នឹងព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ជាមួយនឹងក្រុមគ្រូបង្រៀនប្រាកដមែន ខណៈដែល Alibaba Group ក៏បានអះអាងអំពីព័ត៌មាននេះដូចគ្នាដែរ៕