(ភ្នំពេញ)៖ ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឬ AFC U19 Championship Uzbekistan 2020 នៅប្រទេសអូបេគីស្ថាន ត្រូវបានលុបចោលហើយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការពន្យារពេលចំនួន ២លើក ដោយសារបញ្ហាកូវីដ-១៩។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
នេះគឺជាដំណឹងមួយគួរឲ្យសោកស្ដាយ សម្រាប់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដែលទើបបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងរយៈពេល ៤៥ឆ្នាំ តែបែរជាត្រូវខកខានចូលរួមការប្រកួត និងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះទៅវិញ ដោយសារការរីករាលដាលជាសកលនៃជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលបង្ខំឲ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ព្រមទាំងបណ្ដាប្រទេសសមាជិក ឯកភាពគ្នាលុបព្រឹត្តិការណ៍នេះ។
ការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship Uzbekistan 2020 នៅប្រទេសអូបេគីស្ថាននេះ ដំបូងឡើយគ្រោងប្រកួតពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ មុន AFC ពន្យារពេលើកទី១ ដោយគ្រោងលើមកប្រកួតចាប់ពីថ្ងៃទី០៣-២០ ខែមីនា ឆ្នាំ២០២១ ខាងមុខ។ តែដោយស្ថានភាពកូវីដ-១៩ មិនទាន់ធូរស្រាល AFC ក៏សម្រេចពន្យារពេលម្ដងទៀត ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មី រហូតមកទល់ពេលនេះទើបមានការជូនដំណឹងពីការលុបចោលការប្រកួតតែម្ដង។
សូមរំឮកថា ការចាប់ឆ្នោតបែងចែកពូលដំបូងក្នុងជុំផ្ដាច់ព្រ័ត្រ ដែលកម្ពុជា ត្រូវខនខានចូលរួមការប្រកួតវិញពេលនេះ ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។ ទន្ទឹមជាមួយគ្នា ក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើការប្រមូលផ្ដុំជាច្រើនដំណាក់កាលមកហើយផងដែរ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ពោលគឺតាំងពីខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ៕