(ភ្នំពេញ)៖ ក្រោយពីម្ចាស់ជយលាភីគ្រងមកុដ «Miss Grand Cambodia» ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា បានប្រកាសថា នាងលាងលែងពីតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ ដែលត្រូវចេញទៅប្រកួត «Miss Grand International» នៅប្រទេសថៃនាពេលខាងមុខនោះ ស្រាប់តែបេក្ខភាពជយលាភីរង កញ្ញា លឹម សុធាវី ដែលត្រូវទទួលបានតំណែងនេះដោយស្វ័យប្រវត្តិ បានប្រកាសបដិសេធមិនទទួលយកតំណែងបន្តពីកញ្ញា សេង រដ្ឋា ឡើយ ខណៈដែលការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិតំណាងប្រទេស គឺមានពេលត្រឹមតែជាងមួយខែទៀតប៉ុណ្ណោះ។

ស្រីស្រស់ លឹម សុធាវី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា រូបនាងបានសម្រេចិត្តរក្សាយកតំណែងជយលាភីលេខ២របស់ខ្លួន ដដែល ប៉ុន្តែសូមធ្វើការបដិសេធមិនទទួលយក តំណែងជាជយលាភីលេខ១ គ្រងមកុដបន្តពីកញ្ញា សេង រដ្ឋា នោះឡើយ ដោយនាងបានអះអាងថា ព្រោះតែបញ្ហាសុខភាពរបស់ខ្លួន មិនអំណោយផល ហើយជយលាភីលេខ១ នឹងត្រូវបញ្ចូនទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេស តំណាងឲ្យជាតិ ហើយបើអាចជួបនឹងបញ្ហាអ្វីមួយជាយថាហេតុ គឺនាងនឹងកាន់តែពិបាក ទើបនាងសុំបដិសេធជាមុន។

ជយលាភីរង កញ្ញា លឹម សុធាវី ហៅលីលី បាននិយាយថា មូលហេតុសំខាន់ៗដែលធ្វើឲ្យនាងសម្រេចចិត្ត មិនទទួលតំណែងបន្តនោះគឺ ទី១ ដោយសារនាងមានជំងឺបេះដូង ដែលមានលិខិតបញ្ជាក់ចេញពីគ្រូពេទ្យច្បាស់លាស់, ទី២ ដោយសារមិនបានត្រៀមខ្លួនទុកជាមុន ព្រោះនៅតែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ត្រូវចូលរួមប្រកួត, ទី៣ ប្រសិនបើសុខភាពរបស់នាងមិនអំណោយផល អាចមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុក្នុងពេលកំពុងប្រកួត គឺប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងទី៤ នាងចង់ទទួលយកនូវអ្វីដែលជាសមត្ថភាពរបស់ខ្លួនពិតៗ មិនមែនជាឱកាស ដែលបានមកពីការបោះបង់ចោលរបស់គេ។

គួររំឭកថា កញ្ញា លឹម សុធាវី គឺជាបេក្ខភាព «Miss Grand Cambodia» មកពីខេត្តព្រះសីហនុ ដោយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ នាងទទួលបាននូវចំណាត់ថ្នាក់លំដាប់រងទី១ បន្ទាប់ពីម្ចាស់ជយលាភីគ្រងមកុដ កញ្ញា សេង រដ្ឋា។ ប៉ុន្តែប្រសិនបើនៅពេលនេះ កញ្ញា លឹម សុធាវី មិនទទួលយកតំណែងនេះទេ មកុដជយលាភីលេខ១ នឹងធ្លាក់ទៅលើ កញ្ញា លីវ ជីលី ដែលជាលំដាប់រងទី២។

ជាការពិតថ្មីៗនេះ ម្ចាស់ជយលាភីគ្រងមកុដ «Miss Grand Cambodia» ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា បានប្រកាសថា នាងនឹងលាលែងពីតំណែងជយលាភីលេខ១ កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ បន្ទាប់ពីមានរឿង ដ៏ចម្រូងចម្រាសមួយចំនួន ដែលនាងមិនអាចទទួលយកបាន ជាមួយនឹងក្រុមហ៊ុនរៀបចំកម្មវិធី ពោលគឺក្រុមហ៊ុនផលិតកម្ម មហាហង្ស ដែលមានលោក អ៉ិន សុភិន ជាអ្នកគ្រប់គ្រង៕