(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ បានរកឃើញក្រុមជើងឯកហើយ គឺក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ (ទ័ព) បន្ទាប់ពីបានយកឈ្នះក្រុម Seven Clean ដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានស្ដាតចាស់នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតឆ្នាំនេះ ដែលបញ្ចប់ដោយជោគជ័យ ពិសេសមានក្រុមវ័យចាស់ចិន កូរ៉េខាងត្បូង និងក្រុមចម្រុះជាតិសាសន៍ ១ក្រុមចូលរួមទៀតផង។

លោក អ៊ូ រតនា គ្រូបង្វឹកក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទបានសម្ដែងនូវសេចក្ដីរីករាយ ចំពោះការចូលរួមប្រកួតពានរង្វាន់បង្កប់ដោយអត្ថន័យនេះ ដែលជាការប្រកួតរំឮកដល់គុណបុណ្យថ្ងៃជ័យជម្នះ ៧មករា ព្រមទាំងផ្ដល់ឱកាសដល់កីឡាករចាស់ៗ ទាំងអតីតកីឡាករជម្រើសជាតិ និងមន្ដ្រីរាជការជាដើម បានលេងកីឡាដើម្បីសុខភាពផង និងរឹតចំណងមិត្តភាពផង។

លើសពីនេះលោកក៏បានចាត់ទុកការប្រកួតពានរង្វាន់មិនអាជីពនេះ គឺជាគំរូមួយសម្រាប់ជំរុញប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាឲ្យបានគ្រប់គ្នា ស្របតាមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺ «ប្រជាជនម្នាក់ លេងកីឡាមួមុខ»។ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះលោកសង្ឃឹមថា នឹងរួមចំណែកបំផុសប្រជាពលរដ្ឋចូលរួមលេងកីឡាកាន់តែច្រើន។ លោក អ៊ូ រតនា បន្ថែម។

គួរបញ្ជាក់ថា ពានរង្វាន់ ៧មករា តេជោសន្ដិភាពឆ្នាំនេះ គឺបែងចែកជា២ ក្នុងនោះការប្រកួតពានធំ ដែលប្រកួត ១១នាក់លើទីលានធម្មតា ជើងឯកបានទៅក្រុមវ័យចាស់ទ័ព ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ជើងឯករងបានទៅក្រុម Seven Clean ទទួលបាន ៥លានរៀល និងលេខ៣ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ២លានរៀល។

ចំណែកពានមួយទៀត គឺជាការប្រកួតពានរង្វាន់ប៉េណាល់ទី ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៤លានរៀល, លេខ២ បានទៅក្រុម 7NG ទទួលបាន ៣លានរៀល និងលេខ៣ បានទៅក្រុម Seven Clean ទទួលបាន ១លានរៀល៕