(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Real Madrid បន្តហាលអាវពីពានរង្វាន់ Copa del Rey នៅពេលចាញ់ក្រុម Alcoyano ដែលមកពីលីគទី៣ អេស្ប៉ាញក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

ក្រុមរបស់លោក Zinedine Zidane បានខកខានពាន Super Cup ១មួយរួចត្រឹមវគ្គ ៤ក្រុមចុងក្រោយ មុនបន្តខ្ទាតចេញពី Copa del Rey ទៀតត្រឹមវគ្គ ៣២ក្រុមទៀត នៅពេលក្រុមម្ចាស់ផ្ទះ Alcoyano នៅសល់សមាជិកតែ ១០នាក់ក្នុងការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង គ្រាដែលការប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១។

កីឡាករខ្សែការពារ Eder Militao ជាអ្នករកបានគ្រាប់នាំមុខ ១-០ នៅមុនពេលបញ្ចប់វគ្គទី១ ក្រោយទទួលបាល់ពី Marcelo តែយ៉ាងណា Solbes ជាអ្នកជួយឲ្យ Alcoyano តាមបានស្មើ ១-១ នៅនាទី៨០ នៅមុនពេលគ្រាប់ជ័យជម្នះធ្វើបានសម្រេចដោយ Casanova នៅនាទី១១៥ ក្រោយ ៥នាទី ដែល Lopez Olivan ត្រូវពិន័យកាតក្រហមបណ្តេញចេញពីទីលានប្រកួតនោះ។

នេះជាការខកខានលើកពាន Copa del Rey ឆ្នាំទី៧ របស់ Real Madrid ក្នុងនាមជាក្រុមដែលធ្លាប់ឈ្នះពានកម្រិតទី២ អេស្ប៉ាញមួយនេះបាន ១៩ដងមកដែរគិតចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលនៅសល់ពាន២ ត្រូវប្រជែងក្នុងរដូវកាលឆ្នាំ២០២០-២០២១ រួមមានពាន La Liga និង UEFA Champions League៕