(សេអ៊ូល)៖ ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចេញផ្សាយនូវព័ត៌មានចរចាមអារ៉ាមថា ក្រុមហ៊ុន LG នឹងដកខ្លួនចេញពី វិស័យ ទូរស័ព្ទ ប៉ុន្តែនៅពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនមិនបានដកចេញទេ ផ្ទុយទៅវិញគឺនៅតែបន្ត និងពង្រឹងថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

រយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG បានខាត់បង់ប្រាក់ប្រមាណជិត ៤.៥ពាន់លានដុល្លារ ដោយសារតែការលក់ទូរស័ព្ទរបស់ខ្លួន បាន ធ្លាក់ ចុះ និងនៅដើមឆ្នាំ២០២១នេះ មានព័ត៌មានចេញផ្សាយថា ក្រុមហ៊ុន LG មានបំណងចង់ដើរចេញពីវិស័យមួយនេះ ប៉ុន្តែ ព័ត៌មាន នេះ ត្រូវបានលោក Kwon Bong-seok នាយកប្រតិបត្តិ LG ច្រានចោល និងនិយាយថា ត្បិតតែក្រុមហ៊ុនខាត តែមិនបិទនោះទេ។

លោក Kwon Bong-seok បានថ្លែងនៅក្នុងសារជាសកលមួយថា «មិនមានការផ្លាស់ប្ដូរអ្វីមួយឡើយ...បុគ្គលិកដែលកំពុងបម្រើការងារ គឺនៅតែធ្វើការធម្មតា ដូច្នេះសូមកុំបារម្ភ»។ នាយកប្រតិបត្តិទើបឡើងកាន់តំណែងបានមួយឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែពិចារណាទៅលើវិធានការដែលអាចកើតមាន ដូចជាការលក់ ការដកខ្លួន ការធ្លាក់ចុះនៃអាជីវកម្មស្មាតហ្វូន។

ក្រុមហ៊ុន LG ក៏បានបញ្ជាក់ផងដែរថា អត្រានៃការលក់នៅចុងឆ្នាំ ២០២០ បានធ្លាក់ចុះខ្លាំងពិតមែន ដោយក្នុងនោះ LG មានចំណែក ទីផ្សារទូរស័ព្ទសកលត្រឹមតែ ២ភាគរយប៉ុណ្ណោះ។

លោក Kwon Bong-seok បានឱ្យដឹងថា ត្បិតតែការលក់មិនសូវលក់ តែក្រុមហ៊ុនក៏បានច្នៃប្រឌិតនូវផលិតផលថ្មីៗជាច្រើនសម្រាប់ ប្រកួតប្រជែងលើទីផ្សារផងដែរ ដូច្នេះយើងសង្ឃឹមថា វានឹងក្លាយជាអាវុធសម្រាប់ធ្វើសង្គ្រាម ព្រោះយើងមិនចង់ដកខ្លួនចេញពីទីផ្សារ ស្មាតហ្វូននោះទេ៕